(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បានលើកឡើងថា មហាបាតុកម្មនៃក្រុមអ្នកពាក់អាវកាក់ពណ៌លឿង ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លានៅក្នុងប្រទេសបារាំង បានចង្អុលបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ពីភាពបរាជ័យនៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពនៅអឺរ៉ុប ខណៈសន្តិសុខនៃតំបន់នេះ ត្រូវបានគំរាមកំហែងដោយសារតែជាតិសាសន៍ខ្លួនឯងផ្ទាល់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១៨។
លោក អឺដូហ្គាន់ បានធ្វើការកត់សម្គាល់ទៀតថា ជាទូទៅប៉ូលិសតួកគីតែងរងការចោទប្រកាន់អំពីការប្រើប្រាស់អំពើហិង្សា ប៉ុន្តែបើក្រឡេកទៅមើលស្ថានការណ៍បច្ចុប្បន្ននៅបារាំងវិញ តើកម្លាំងប៉ូលិសបាំរាំងបានបង្រ្កាបក្រុមបាតុករដោយរបៀបណាខ្លះទៅទីនោះ។
លើសពីនេះបើតាមលោកប្រធានាធិបតីតួកគី ជញ្ជាំងសន្តិសុខនិងសុខុមាលភាព ដែលលោកខាងលិចខិតខំការពារថែរក្សាជាទីបំផុតនោះ កំពុងតែរង្គោះរង្គើ ដោយសារតែជាតិសាសន៍ខ្លួនឯងផ្ទាល់ គឺពុំមែនព្រោះតែជនភៀសខ្លួនឬក៏អ្នកមូស្លីមឡើយ។ លោក អឺដូហ្គាន់ បាននិយាយថា ទីក្រុងអង់ការ៉ា ពុំគាំទ្រការរីកសាយភាពចលាចលដែលបង្កឡើងដោយក្រុមបាតុករនោះទេ ប៉ុន្តែទន្ទឹមគ្នានេះខ្លួនប្រឆាំងដាច់ខាតចំពោះ ការប្រើប្រាស់អំពើហិង្សាអាក្រក់ៗដើម្បីបង្រ្កាបក្រុមអ្នកតវ៉ាទាំងនោះ។
គួរជម្រាបថា បាតុកម្មប្រឆាំងសាំងឡើងថ្លៃនៅឯប្រទេសបារាំង បានអូសបន្លាយដល់សប្តាហ៍ទីបួនហើយ គិតចាប់តាំងពីខែវិច្ឆិកាមក ខណៈមនុស្សសរុបជិត១,៤០០នាក់ត្រូវបានចាប់ខ្លួន ហើយប៉ូលិសបារាំងឈានដល់ការប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបង្រ្កាបក្រុមបាតុករ៕