(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដោយផ្ទាល់ថា នាយខុទ្ទកាល័យសេតវិមាន លោក ចន ឃែលី (John) Kelly នឹងលាលែងពីមុខតំណែងនាដំណាច់ឆ្នាំនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១៨។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ក្រោយមានការសន្និដ្ឋានឥតឈប់ឥតឈរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលបានចុះផ្សាយថាលោក ត្រាំ កំពុងពិចារណាដោះដូរមន្ត្រីជាន់ខ្ពស់មួយចំនួន ដោយក្នុងនោះរួមមានទាំងតំណែងនាយខុទ្ទកាល័យសេតវិមានផងដែរ ខណៈរដ្ឋបាលអាមេរិកបាននិងកំពុងត្រៀមលក្ខណៈសម្រាប់រយៈពេល០២ឆ្នាំចុងក្រោយនៃអាណត្តិកាន់អំណាចដំបូងរបស់លោក ត្រាំ។
គួរជម្រាបថា បើតាមសេចក្តីរាយការណ៍របស់ស្ថានីយទូរទស្សន៍ CNN ថ្មីៗនេះ ភាពតានតឹងរវាងលោក Kelly និងលោក ត្រាំ គឺបានឈានដល់ដំណាក់កាលមិននិយាយស្តីរកគ្នារាប់ថ្ងៃហើយ។ ចំណែក បុគ្គលនាំមុខគេដែលអាចត្រូវមកជំនួសតំណែងរបស់លោក Kelly គឺនាយឧុទ្ទកាល័យរបស់អនុប្រធានាធិបតីអាមេរិក លោក Nick Ayers៕