(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិអាមេរិក (Pentagon) លោក Joseph Dunford បានរិះគន់ធ្ងន់ៗលើនិន្នាការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google ដែលសុខចិត្តទៅចាប់ដៃសហការជាមួយចិន ខណៈស្របពេលជាមួយគ្នាក្រុមហ៊ុននេះ មានភាពស្ទាក់ស្ទើរខ្លាំងក្នុងការធ្វើការងារជាមួយក្រសួងការពារជាតិអាមេរិកទៅវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។
លោក Dunford បានលើកឡើងថា រូបលោកមិនយល់ទាល់តែសោះថា ហេតុអ្វី Google សុខចិត្តបង្កើតការសម្រុះសម្រួលផ្សេងៗ ដើម្បីតែពង្រីកផលប្រយោជន៍ពាណិជ្ជកម្មនៅក្នុងប្រទេសចិន ទោះដឹងថានៅទីនោះ សេរីភាពត្រូវបានរឹតត្បិត ហើយចិនតែងលួចយកកម្មសិទ្ធិបញ្ញាពីក្រុមហ៊ុននានា។
គួរជម្រាបថា កាលពីខែមិថុនាកន្លងទៅ Google បានដកខ្លួនចេញពីកម្មវិធីបច្ចេកវិទ្យាឈ្មោះថា Project Maven ដែលឧបត្ថម្ភដោយក្រសួងការពារជាតិអាមេរិក។ គម្រោងនេះទាក់ទិននឹងការប្រើប្រាស់ប្រព័ន្ធឆ្លាតវៃ (Artificial Intelligence ឬ AI) ក្នុងការវិភាគទៅលើរូបភាពដែលថតបានដោយយន្តដ្រូនស៊ើបការណ៍។
កាលពីខែតុលា Google ក៏បានសម្រេចដើរចេញពីការប្រកួតប្រជែងយកកិច្ចសន្យាអភិវឌ្ឍន៍បច្ចេកវិទ្យា Cloud ឈ្មោះថា JEDI របស់ Pentagon ដែលមានតម្លៃដល់ទៅ១០ពាន់លានដុល្លារផងដែរ ខណៈទន្ទឹមនឹងនេះ Google បានទៅសហការអភិវឌ្ឍកម្មវិធីស្វែងរកព័ត៌មានជាមួយអាជ្ញាធរចិនទៅវិញ៕