(វ៉ាស៊ីនតោន)៖ យោធាជើងទឹកអាមេរិកបានឲ្យដឹងថា ក្រុមនាវាដែលដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង USS John C. Stennis ទីបំផុតត្រូវបានបញ្ជូនទៅដល់តំបន់មជ្ឈិមបូព៌ាហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។
ក្រុមនាវាផ្ទុកយន្តហោះចម្បាំង USS John C. Stennis នឹងត្រូវឈរជើងនៅមជ្ឈិមបូព៌ាសម្រាប់រយៈពេលយ៉ាងហោច០២ខែ ខណៈអំឡុងពេល០៨ខែចុងក្រោយនេះ ពុំមាននាវាផ្ទុកយន្តហោះចម្បាំងអាមេរិកណាមួយរក្សាវត្តមានក្នុងតំបន់នេះឡើយ។
គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ការចល័តក្រុមនាវាខាងលើទៅកាន់តំបន់មជ្ឈិមបូព៌ា គឺដើម្បីជួយក្នុងសមរភូមិប្រឆាំងក្រុមភេរវករ ISIS នៅអីរ៉ាក់និងស៊ីរីក៏ដូចជាក្នុងសង្រ្គាមនៅអាហ្វហ្គានីស្ថាន។ មន្រ្តីការពារជាតិអាមេរិកមួយរូបបានទទួលស្គាល់ថា វត្តមានរបស់ក្រុមនាវាផ្ទុកយន្តហោះចម្បាំង USS John C. Stennis នៅមជ្ឈិមបូព៌ា គឺជាការបង្ហាញសាច់ដុំមួយចំពោះប្រទេសអ៊ីរ៉ង់ផងដែរ៕