(ប៉ារីស)៖ នៅទីបំផុតដូចការរំពឹងទុក ក្រុមបាតុករអាវកាក់ពណ៌លឿងបាននាំគ្នាចុះផ្លូវធ្វើបាតុកម្មតវ៉ាសាជាថ្មីនៅថ្ងៃសៅរ៍នេះ ឈានដល់សប្តាហ៍ទី៤ ដើម្បីប្រឆាំងនឹងជំទាស់នឹងកំណែទម្រង់របស់រដ្ឋាភិបាល ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ខណៈមន្ត្រីបារាំង ខ្លះប្រកាន់ត្រង់ៗថាក្រុមជ្រុលនិយមនៅក្នុងប្រទេសបារាំងចង់ប្រើប្រាស់ក្រុមបាតុករអាវកាក់ពណ៌លឿងដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ទីក្រុងប៉ារីស។
យោងតាមសារព័ត៌មាន RT របស់រុស្ស៊ីបានចេញផ្សាយមុននេះបន្តិចនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះថា ប៉ូលិសបារាំងបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបង្រ្កាបហ្វូងបាតុករ និងចាប់មនុស្សសរុបរហូតដល់ចំនួន៤៨១នាក់ ខណៈអ្នករងគ្រោះមាន០៤នាក់ស្លាប់ ៨៥០នាក់រងរបួស ដោយក្នុងនោះ៧៥០នាក់ជនស៊ីវិល ១០០មន្ត្រីប៉ូលីស។
បាតុកម្មតវ៉ាប្រឆាំងនឹងឥន្ធនៈឡើងថ្លៃ ក្នុងនោះរួមមានទាំងប្រេង និងម៉ាស៊ូត បានកើតឡើងតាំងតែថ្ងៃទី១៧ ខែវិច្ឆិកាមកម្លេះ ហើយវាបានអូសបន្លាយរហូតមកដល់ថ្ងៃសៅរ៍នេះ។ ដោយឡែកជាការឆ្លើយតប អាជ្ញាធរបារាំងបានបិទតំបន់ទេសចរណ៍ និង ហាងទំនិញជាច្រើននៅក្នុងទីក្រុងប៉ារីស ជាមួយការដាក់ពង្រាយកងកម្លាំងសន្តិសុខរាប់ពាន់នាក់។ Eiffel Tower និងតំបន់ ទេសចរណ៍សំខាន់ៗនៅក្នុងទីក្រុងប៉ារីស ត្រូវបានបិទជាបណ្ដោះអាសន្ន ហើយហាងលក់ទំនិញនៅជាប់ដងផ្លូវមួយចំនួនត្រូវ បិទទ្វារដើម្បីបបញ្ចៀសការលួច ឬប្លន់ក្នុងករណីមានភាពចលាចលណាមួយកើតឡើង។ បន្ថែមពីលើនេះដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ប៉ូលិស៨៩,០០០នាក់ ត្រូវបានដាក់ពង្រាយ ខណៈ៨,០០០នាក់ផ្សេងទៀត ត្រូវបានដាក់ពង្រាយក្នុងទីក្រុងប៉ារីស៕