(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបានកត់សម្គាល់ថា ការអះអាងរបស់សហរដ្ឋអាមេរិក ជុំវិញការវាយប្រហារដោយអាវុធគីមីរបស់ក្រុមឧទ្ទាមស៊ីរី នៅក្នុងទីក្រុងអាឡេប៉ូ (Aleppo) ជារឿងប្រឌិត គឺគ្រាន់តែការព្យាយាមការពារក្រុមភេរវករអន្តរជាតិប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។
ប្រតិកម្មរបស់ទីក្រុងម៉ូស្គូ កើតមានឡើងជាការឆ្លើយតបទៅកាន់ក្រសួងការបរទេសអាមេរិក ដែលបានចោទប្រកាន់របស់រុស្ស៊ី និងស៊ីរីថា ក្រុមឧទ្ទាមស៊ីរីបានប្រើប្រាស់អាវុធគីមីនៅក្នុងទីក្រុង Aleppo ជារឿងប្រឌិត។ តែទោះជាយ៉ាងណា នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្រសួងការពារជាតិបានបញ្ជាក់ថា ទីក្រុងម៉ូស្គូមានភស្ដុតាងដែលមិនអាចប្រកែកបានដែលបង្ហាញថា ក្រុមឧទ្ទាមស៊ីរីពិតជាបានប្រើប្រាស់អាវុធគីមីប្រឆាំងនឹងជនស៊ីវិល។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានរដ្ឋស៊ីរី SANA ការវាយប្រហារដោយអាវុធគីមីក្នុងទីក្រុង Aleppo កាលពីថ្ងៃទី២៤ ខែវិច្ឆិកា បានបណ្ដាលឱ្យជនស៊ីវិល ១០៧នាក់ រងរបួសផ្លូវដង្ហើមធ្ងន់ធ្ងរ។ បន្ថែមពីនេះសារព័ត៌មានស៊ីរីក៏បានចេញផ្សាយផងដែរថា ក្រុមចំរុះដឹកនាំដោយអាមេរិកបានដឹកនាំការទម្លាក់គ្រាប់បែកកម្ទេចក្រុម ISIS នៅខេត្តឌែលអាល់ហ្សួរ បណ្តាលឲ្យជនស៊ីវិល ០៨នាក់ស្លាប់ និងមន្ទីរពេទ្យមួយខ្នងត្រូវខ្ទេច។ នេះជាភាពតានតឹងជាថ្មីដែលផ្ទុះឡើង ក្រោយពីប៉ុន្មានខែនៃការស្ងប់ស្ងាត់នោះ៕