(ប៉ារីស)៖ រដ្ឋមន្ត្រីរញ្ញវត្ថុបារាំង លោក ប្រ៊ូណូ ឡឺ មែរ (Bruno Le Maire) បាននិយាយថា បារាំងស្វាគមន៍ការវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគម៍ចិន Huawei នៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។
លោករដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង ធ្វើការកត់សម្គាល់បែបនេះនាឱកាសចូលរួមកិច្ចពិភាក្សាកម្រិតខ្ពស់ចិន-បារាំងស្ដីពីសេដ្ឋកិច្ច និងហិរញ្ញវត្ថុរៀបចំឡើងក្នុងទីក្រុងប៉ារីស នៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក Le Maire បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វត្តមានរបស់ Huawei គឺពិតជាមានសារៈសំខាន់នៅក្នុងប្រទេសបារាំង... ហើយយើងស្វាគមន៍ការវិនិយោគរបស់ក្រុមហ៊ុនចិនមួយ នេះនៅក្នុងប្រទេស»។ មិនតែប៉ុណ្ណោះ លោក Le Maire ក៏បានចាត់ទុកដែរថា កិច្ចពិភាក្សាកម្រិតខ្ពស់ចិន-បារាំងស្ដីពីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន ហើយបារាំងនឹងស្វែងរកដំណោះស្រាយ ក្នុងការជួយជម្រុញកំណើនពាណិជ្ជកម្ម និងហិរញ្ញវត្ថុរវាងទីក្រុងប៉ារីស និងទីក្រុងប៉េកាំង។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកាក្រុមហ៊ុន Huawei បានប្រកាសឱ្យដឹងថា ខ្លួនបានបើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីមួយនៅក្នុងប្រទេសបារាំង ដើម្បីគាំទ្រដល់ក្រុមហ៊ុននានា នៅក្នុងគម្រោងផ្លាស់ប្ដូរបច្ចេកវិទ្យារបស់ពួកគេ ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ST Microelectronics ដែលជាដៃគូដំបូងបំផុតរបស់ Huawei នៅក្នុងប្រទេសបារាំង៕