(ឡូសអាន់ជែឡេស)៖ បន្ទាប់ពីការចុះចតដោយជោគជ័យ នៅលើផ្ទៃភពព្រះអង្គារក្នុងនាមជាយានទី ៧ របស់អង្គការ NASA ដែលបំពេញបេសកកម្មនៅទីនោះ InSight បាននិងកំពុងបំពេញប្រតិបត្តិការរបស់ខ្លួន ហើយថ្មីៗនេះសំឡេងខ្យល់បក់លើភពអង្គារ ក៏ត្រូវបានយាននេះថតបាន និងបញ្ជូនមកភពផែនដីផងដែរ។ នេះបើតាមការចេញផ្សាយដោយវែបសាយ Space នារសៀលថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។
សំឡេងខ្យល់បក់នេះត្រូវបានថតដោយយាន InSight កាលពីថ្ងៃទី០១ ខែធ្នូ កន្លងទៅថ្មីៗនេះ និងត្រូវបានបញ្ជូនមកភពផែនដីវិញ។ វាមានស្ថានភាពខ្យល់បោកបក់តិចៗនៅក្នុងល្បឿនពី ៥ ទៅ ៧ម៉ែត្រក្នុងមួយវិនាទី ដែលបក់ពីទិសពាយ័ព្យ ទៅកាន់ទីអាគ្នេយ៍នៃទីតាំងដែលយាន InSight បានចុះចតលើផ្ទៃភពអង្គារ។ ការកំណត់បានសំឡេង ល្បឿន និងទិសរបស់ខ្យល់លើភពអង្គារ ពិតជាសំខាន់ណាស់សម្រាប់ការស្រាវជ្រាវទីនោះ។
ជុំវិញលទ្ធផលខាងលើនេះ លោក Bruce Banerdt អ្នកអង្កេតយាន InSight ប្រចាំមន្ទីរពិសោធន៍ JPL ក្នុងតំបន់ Pasadena នៃរដ្ឋកាលីហ្វរញ៉ាបានបញ្ជាក់យ៉ាងដូច្នេះថា «ការថតសំឡេងលើភពអង្គារនេះ គឺជារឿងដែលមិនបានព្រាងទុកនោះឡើយ...។ ប៉ុន្តែផែនការមួយក្នុងចំណោមផែនការឯទៀតៗ នោះគឺការគណនាអំពីចលនានៅលើភពព្រះអង្គារ ដោយក្នុងនោះក៏រួមមានទាំងចលនាខ្យល់បក់ផងដែរ...»។
បើតាមអង្គការ NASA ប្រព័ន្ធសិនស័រដ៏មានឥទ្ធិពលបំផុតចំនួនពីរគ្រឿង ត្រូវបានបំពាក់នៅលើយាន InSight ដើម្បីចាប់យកឥទ្ធិពលនៃរលកខ្យល់បក់ និងឧបករណ៍ដែលភ្ជាប់ជាមួយដៃរ៉ូបូតរបស់យាននេះផ្ទាល់។ ឧបករណ៍សេនស័រទាំងពីរនេះ គឺធ្វើការថតយកសំឡេង និងកម្លាំងខ្យល់បក់ក្នុងមធ្យោបាយផ្សេងទៀត ដោយទីមួយគឺ Pressure Sensor មានតួនាទីប្រមូលទិន្នន័យឧតុនិយម ដោយកត់ត្រារំញ័រខ្យល់ដោយផ្ទាល់ និងទីពីរគឺ Seismometer Sensor ជាអ្នកកំណត់រំញ័រពីខ្យល់បក់ មកលើបន្ទះស្រូបពន្លឺព្រះអាទិត្យជាប់ខ្លួនយាន InSight ដែលមានប្រវែងមួយខាងៗជាងពីរម៉ែត្រ។
គួរបញ្ជាក់ថា យាន InSight ក្រោយធ្វើការហោះហើរអស់ជិត ៧ខែ បានទៅដល់ និងចុះចតជោគជ័យលើភពអង្គារ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ (ពេលវេលានៅកម្ពុជា) នៅលើតំបន់មានឈ្មោះថា Elysium Planitia ដែលជាតំបន់ជ្រលងមួយនៅលើភពព្រះអង្គារ ដើម្បីបំពេញបេសកកម្មរយៈពេល ០២ឆ្នាំ តាមការគ្រោងទុក។ វាមានតួនាទីសំខាន់ក្នុងការសិក្សាផ្ទៃក្នុងយ៉ាងជ្រៅនៃភពអង្គារ ជាជាងបរិស្ថានខាងក្រៅៗ ដែលត្រូវបានយាន និងផ្កាយរណប NASA ជាច្រើនធ្វើការស្រាវជ្រាវរួចអស់ទៅហើយ៕
ខាងក្រោមនេះជាវីដេអូសំឡេងខ្យល់ថតដោយយាន InSight លើភពអង្គារ៖