(ប៉ារីស)៖ គិតចាប់ពីពាក់កណ្តាលខែវិច្ឆិកាមក ព្រឹត្តិការណ៍ដ៏ក្តៅគគុកបានផ្ទុះឡើងក្នុងប្រទេស បារាំង ផ្តើមចេញពីការដំឡើងពន្ធប្រេង ដែលធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់។
ខាងក្រោមនេះជាព័ត៌មានលម្អិតជុំវិញការធ្វើបាតុកម្ម នៅក្នុងប្រទេសនៅអឺរ៉ុបខាងលិចមួយនេះ៖
* បាតុកម្មផ្តើមកើតឡើង៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨
* មូលហេតុផ្តើមចេញពី៖ ការដំឡើងពន្ធប្រេង ពន្ធរថយន្ត និងការចាត់វិធានការណ៍រឹតត្បិតមិនសមស្របរបស់ប្រធានាធិបតីបារាំង
* ការទាមទាររបស់បាតុករ៖ កាត់បន្ថយពន្ធប្រេងសាំង និងពន្ធរថយន្ត បង្កើនស្តង់ដានៃការរស់នៅរបស់ប្រជាពលរដ្ឋ ទម្លាក់ប្រធានាធិបតី Emmanuel Macron និងរដ្ឋាភិបាលរបស់លោកពីដំណែង បញ្ឈប់វិធានការណ៍គ្មានប្រជាប្រិយភាពរបស់លោក ហើយរដ្ឋាភិបាលត្រូវមានតម្លាភាព គណនេយ្យភាពចំពោះប្រជាជនគ្រប់ស្រទាប់
* គោលបំណងនៃការដំឡើងពន្ធសាំង៖ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងសាំង ទប់ស្កាត់ការកើនឡើងកម្តៅសាកល ជំរុញកំណើនសេដ្ឋកិច្ច។
* មធ្យោបាយធ្វើបាតុកម្ម៖ មិនគោរពច្បាប់ បិទផ្លូវ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដុតអគារ ដុតរថយន្ត និងលួចប្លន់ទ្រព្យសម្បត្តិ។
* ការផ្តល់សម្បទានពីរដ្ឋាភិបាល៖ លុបចោលការដំឡើងពន្ធ និងផ្អាកការដំឡើងតម្លៃ ប្រេងម៉ាស៊ូត និងប្រេងសាំងក្នុងរយៈពេល៦ខែ
* ចំនួនអ្នកចួលរួមបាតុកម្ម៖ ជិត៣០ម៉ឺននាក់
* អ្នករងគ្រោះ៖ ០៤នាក់ស្លាប់ ៨៥០នាក់រងរបួស ដោយក្នុងនោះ៧៥០នាក់ជនស៊ីវិល ១០០មន្ត្រីប៉ូលីស ចាប់ខ្លួន៧០០នាក់នៅទូទាំងប្រទេស។
* និមិត្តរូបនៃបាតុកម្ម៖ អាវកាក់ពណ៌លឿង
មូលហេតុដែលបាតុករយកអាវកាក់ពណ៌លឿងធ្វើជានិមិត្តសញ្ញា ពីព្រោះច្បាប់ចាប់តាំងពីឆ្នាំ២០០៨មក តម្រូវឱ្យអ្នកបើកបររថយន្តទាំងអស់នៅប្រទេសបារាំង ត្រូវមានអាវកាក់ដែលមានពណ៌លេចធ្លោ ក្នុងរថយន្តរបស់ពួកគេជាសម្គាល់។ ជាលទ្ធផលអាវអាវកាក់ពណ៌ឆ្លុះនេះ បានក្លាយជានិមិត្តសញ្ញាមួយដ៏ពេញនិយមរបស់បាតុករ ដោយសារមានតម្លៃថោក ងាយរកទិញបានគ្រប់កន្លែង ងាយសម្គាល់។
ហេតុនេះទើបចលនាប្រឆាំងការដំឡើងថ្លៃពន្ធប្រេងនៅប្រទេសបារាំង ត្រូវបានគេឱ្យឈ្មោះថា «ចលនាអាវកាក់ពណ៌លឿង» ផ្ដើមឡើងនាថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបន្ទាប់មកបានរីករាលដាលទៅប្រទេសជិតខាងមាន ប្រទេសអ៉ីតាលី ប៊ែលហ្សិក និងហូឡង់។
ហេតុការណ៍នេះកើតឡើងដោយការដំឡើងតម្លៃឥន្ធនៈ ការរស់នៅត្រូវចំណាយខ្ពស់ជាងមុន។ បាតុករបានលើកឡើងថា បន្ទុកនៃកំណែទម្រង់ពន្ធរបស់រដ្ឋាភិបាល បានធ្លាក់ទៅលើស្មាប្រជាពលរដ្ឋជាពលករ និងថ្នាក់កណ្តាល (ជាពិសេសអ្នករស់នៅតំបន់ជនបទ និងតំបន់ជាយក្រុង) ។ ចលនានេះកើតមានឡើងគួរឱ្យកត់សម្គាល់នៅតាមទីក្រុង ប៉ុន្តែមិនសូវមានសកម្មភាពនៅតាមទីជនបទឡើយ។
* ប្រេងម៉ាស៊ូត
ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០មក រដ្ឋាភិបាលបារាំងបានលើកទឹកចិត្តជាខ្លាំងដល់ការផលិតម៉ាស៊ីនដោយប្រើប្រាស់ប្រេងម៉ាស៊ូត។ ជាពិសេសចាប់តាំងពីឆ្នាំ១៩៨០មក រោងចក្រ Peugeot បាននាំមុខគេក្នុងបច្ចេកវិទ្យាផលិតម៉ាស៊ីនដោយប្រើប្រាស់ប្រេងម៉ាស៊ូត។ ការលើកទឹកចិត្ត បូករួមនឹងការកាត់បន្ថយពន្ធចំពោះក្រុមហ៊ុនផលិតរថយន្តប្រើប្រាស់ប្រេងម៉ាស៊ូត ជាកត្តាជំរុញការផលិតរថយន្តម៉ាស៊ូត នៅក្នុងប្រទេសបារាំងមានការកើនឡើង។
ជាអកុសលតម្លៃប្រេងម៉ាស៊ូតនៅក្នុងប្រទេសបារាំង បានកើនឡើង១៦% ក្នុងឆ្នាំ២០១៨ ដោយពន្ធលើប្រេងសាំង និងប្រេងម៉ាស៊ូត កើនឡើងក្នុងពេលតែមួយ បូករួមនឹងការកើនឡើងពន្ធបន្ថែមសម្រាប់ឆ្នាំ២០១៩ ធ្វើឱ្យប្រេងម៉ាស៊ូតមានតម្លៃថ្លៃដូចជាសាំងដែរ។
* កំណែទម្រង់សេដ្ឋកិច្ច
លោក Macron បានអះអាងថា គោលបំណងនៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច គឺដើម្បីបង្កើនការប្រកួតប្រជែង របស់បារាំងនៅក្នុងសេដ្ឋកិច្ចសកល ដោយឡែកការបង្កើនពន្ធប្រេងវិញ ក្នុងបំណងចង់បញ្ឈប់កំណើនកម្តៅសាកល។ ទោះបីជាមានការអះអាងការពារទៅលើកំណែទម្រង់ថ្មីរបស់លោកក្តី ប៉ុន្តែការស្ទង់មតិតាមប្រព័ន្ធអ៊ីនធឺណេតធ្វើឡើងនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបង្ហាញថា ប្រហែលប្រជាជន៧៨% បាននិយាយថា ការលើកឡើងរបស់លោក Macron ជារឿងមិនគួរឱ្យជឿ ហើយ៨៤% នៃប្រជាជនពេញវ័យបារាំងបានគាំទ្រចលនាអាវលឿង។
* ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ
នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីម្នាក់បានប៉ាន់ប្រមាណថា បាតុកម្មនៅទីក្រុងប៉ារីសក្នុងអំឡុងពេលពីរថ្ងៃបានបង្កការខូចខាតរហូតដល់១,៥លានអឺរ៉ូ។ រដ្ឋាភិបាលត្រូវជួលកម្មករពីររយនាក់បន្ថែម ដើម្បីសម្អាត និងជួសជុលការខូចខាតបន្ទាប់ពីការធ្វើបាតុកម្មនេះ។ រថយន្តរាប់រយគ្រឿង ត្រូវដុតបំផ្លាញក្នុងប៉ារីសក្នុងអំឡុងបាតុកម្មនៅថ្ងៃទី១ ខែធ្នូ ជាមួយគ្នានេះ វិមានអាល់ដឺត្រូហ្វីម (Arc de Triomphe) ក៏ត្រូវបានបំផ្លិចបំផ្លាញ។ គិតដល់ថ្ងៃទី០១ ខែធ្នូ កន្លងទៅនេះអភិបាលក្រុងប៉ារីស បានធ្វើការសន្និដ្ឋានថា បាតុកម្មបានបង្កការខូចខាតទ្រព្យសម្បត្តិក្នុងតម្លៃចន្លោះពី ៣ ទៅ ៤លានអឺរ៉ូ (ខ្ទង់៦លានដុល្លារអាមេរិក)។
* បាតុកម្មនៅប្រទេសក្បែរខាងប្រទេសបារាំង
យោងតាមលោកស្រី Kim Willsher អ្នកកាសែត The Guardian បានឱ្យដឹងថា បាតុកម្មអាវកាក់នៅប្រទេសបារាំង បានជម្រុញឱ្យមានបាតុកម្មស្រដៀងគ្នានេះ ផ្ទុះឡើងក្នុងប្រទេសអ៊ីតាលី និងប្រទេសជាតិខាងផ្សេងទៀតដូចជាប្រទេស ហូឡង់ និងប៊ែកហ្ស៊ីកជាដើម។ លោកស្រីបានដកស្រង់សម្តីជនជាតិអ៉ីតាលីម្នាក់ដែលបានលើកឡើងថា «យើងត្រូវបានចលនាអាវកាក់ពណ៌លឿង បានបំផុសគំនិតឱ្យធ្វើចលនានេះឡើង ដោយយើងងើបប្រឆាំងសារវិបត្តិផ្សេងទៀត ខុសពីប្រទេសបាតុកម្មក្នុងប្រទេសបារាំងដែលប្រឆំាងរដ្ឋាភិបាល។ យើងមិនប្រឆាំងនឹងរដ្ឋាភិបាលបារាំងទេ តែប្រឆាំងអឺរ៉ុប មិនចង់ឱ្យអឺរ៉ុបជ្រៀតជ្រែកនយោបាយអ៉ីតាលីតទៅទៀត»។
ប៉ូលីសទប់ទល់កុប្បកម្មនៅក្នុងទីក្រុងប្រ៊ូសសែល កាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅនេះ បានរងការវាយប្រហារដោយការគប់ដុំថ្មពីកុប្បករ ទើបប៉ូលីសបានឆ្លើយតបវិញដោយកាំភ្លើងទឹក ហើយក្នុងនោះមនុស្ស៦០នាក់ត្រូវចាប់ខ្លួនពីបទបង្កការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ។
* ប្រតិកម្ម
នៅចុងខែវិច្ឆិកា ឆ្នាំ២០១៨ តាមរយៈការស្ទាបស្ទង់មតិបានបង្ហាញថា ចលនានេះទទួលការគាំទ្រយ៉ាងទូលំទូលាយនៅប្រទេសបារាំង (ពី ៧៣% ដល់ ៨៤%)។ ការស្ទង់មតិមួយទៀដែលធ្វើឡើង បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី១ ខែធ្នូ បានរកឃើញថា ៧២% នៃប្រជាជនបារាំងបានគាំទ្រដល់ចលនា «អាវកាក់ពណ៌លឿងនេះ» តែក្នុងចំណោមនោះ ៨៤% ប្រឆាំងមិនចង់ឱ្យមានអំពើហិង្សានៅប៉ារីសឡើយ។
ក្នុងស្ថានភាពនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក គ្រីស្តូហ្វាខាសៀន (Christophe Castaner) បានដាក់បន្ទុកទៅលើលោកស្រី Marine Le Pen ដែលជាគូប្រជែងរបស់លោក Macron ក្នុងព្រឹត្តិការណ៍បោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៧ ថា មានពាក់ព័ន្ធនឹងអំពើហិង្សានាថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅនេះ ដោយលោកស្រីបានជំរុញឱ្យប្រជាពលរដ្ឋបារាំង ប្រមូលផ្តុំគ្នានៅមហាវិថី Champs Elysees។ លោកស្រីបានឆ្លើយវិញថា ការអនុញ្ញាតឱ្យមនុស្សប្រមូលផ្តុំគ្នានៅនៅទីនោះ ជាទំនួលខុសត្រូរបស់រដ្ឋាភិបាល ព្រមទាំងបានចោទប្រកាន់ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា កំពុងព្យាយាមបង្កើនភាពតានតឹង ដើម្បីលាបពណ៌ទៅលើចលនាបាតុកម្មនេះ។
គួរជម្រាបថា ទោះបីជាលោកប្រធានាធិបតី Macron ទទូចហើយទទូចទៀតថា ការបង្កើនពន្ធលើប្រេងឥន្ធនៈ នឹងកើតឡើងនាដើមខែធ្នូ តាមការគ្រោងទុកក្តី ក៏រដ្ឋាភិបាលបារាំងបានប្រកាសថា ការដំឡើងពន្ធនឹងត្រូវបានផ្អាកទៅវិញ។ លោកនាយករដ្ឋមន្ត្រី Édouard Philippe បាននិយាយថា «មិនគួរអនុញ្ញាតឱ្យវិបត្តិពន្ធបង្កការបែកបាក់សាមគ្គីភាពជាតិនោះទេ»៕