(ដាម៉ាស់)៖ ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងសន្ធប់លើទីក្រុងមួយ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួក ISIS នៅភាគខាងកើតប្រទេសស៊ីរី ដោយបានបំផ្លាញមន្ទីរពេទ្យមួយកន្លែង និងផ្ដាច់ជីវិតជនស៊ីវិល ០៨នាក់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយស៊ីរី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានរដ្ឋស៊ីរី SANA ជនស៊ីវិល ០៨នាក់ បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសនៅក្នុងទីក្រុងហាជីន (Hajin) នៃខេត្តឌែរអាល់ហ្សួរ (Deir al-Zour) ភាគខាងកើតប្រទេសស៊ីរីកាលពីព្រឹកថ្ងៃសុក្រ។ មិនតែប៉ុណ្ណោះនៅថ្ងៃដដែល ការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយសហរដ្ឋអាមេរិក ក៏បានបំផ្លាញមន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុង Hajin ផងដែរ។ ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍លម្អិតពីអ្នកស្លាប់ ឬរងរបួសនោះឡើយ។
គួរជម្រាបថា បច្ចុប្បន្នក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋាអាមេរិក កំពុងដឹកនាំការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងមូលដ្ឋានរបស់ពួក ISIS នៅតាមបណ្ដោយទន្លេ អឺប្រាតស៍ (Euphrates) នៃតំបន់ភាគខាងកើតខេត្ត Deir al-Zour ដើម្បីគាំទ្រដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលកំពុងមានភាពលំបាកក្នុងការប្រឈមមុខជាមួយ ក្រុមភេរវករ ISIS៕