(ប៉ារីស)៖ តំបន់ជាច្រើននៅក្នុងទីក្រុងប៉ារីស ត្រូវបានបិទច្រកចេញចូលនៅព្រឹកថ្ងៃសៅរ៍នេះ ជាមួយការដាក់ពង្រាយកងកម្លាំងសន្តិសុខរាប់ពាន់នាក់ ដើម្បីទប់ស្កាត់បាតុកម្មតវ៉ារបស់ក្រុមបាតុករអាវកាក់ពណ៌លឿងដែលត្រូវបានគេរំពឹងថា អាចនឹងផ្ទុះឡើងជាថ្មីនៅចុងសប្ដាហ៍ជាលើកទី ៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក Eiffel Tower និងតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងទីក្រុងប៉ារីស ត្រូវបានបិទជាបណ្ដោះអាសន្ន ហើយហាងលក់ទំនិញនៅជាប់ដងផ្លូវមួយចំនួនត្រូវបិទទ្វារ ដើម្បីបបញ្ចៀសការលួច ឬប្លន់ក្នុងករណីមានភាពចលាចលណាមួយកើតឡើង។ បន្ថែមពីលើនេះ ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ប៉ូលិស ៨៩,០០០នាក់ ត្រូវបានដាក់ពង្រាយ ខណៈ៨,០០០នាក់ផ្សេងទៀត ត្រូវបានដាក់ពង្រាយក្នុងទីក្រុងប៉ារីស។
គួរជម្រាបថា នៅក្នុងសប្ដាហ៍នេះ ជាការបន្ធូរបន្ថយភាពតានតឹង រដ្ឋាបាលលោកប្រធានាធិបតីបារាំង ម៉ាក្រុង បានយល់ព្រមលុបចោលគម្រោងតំឡើងពន្ធលើឥន្ធនៈ រួមមានទាំងសាំង និងម៉ាស៊ូត ចេញពីកញ្ចប់ថវិកាជាតិឆ្នាំ២០១៩។ ប៉ុន្តែបើទោះជា
ក្រុមបាតុករអាវកាក់ពណ៌លឿង ស្វាគមន៍ការសម្រេចចិត្តនេះក៏ដោយ ក៏ពួកគេមិនបានលុបចោលគម្រោងធ្វើបាតុកម្ម នៅថ្ងៃសៅរ៍នេះឡើយ ហើយមិនតែប៉ុណ្ណោះថែមទាំងទាមទារបន្ថែមឱ្យរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យពួកគេទទួលបានប្រាក់ខែខ្ពស់ បង់ពន្ធតិច និងខ្លះស្នើលោក ម៉ាក្រុង ចុះចេញពីតំណែងទៀតផង៕