(វ៉ាស៊ីនតោន)៖ អតីតជំនួយការក្រុមយុទ្ធនាការឃោសនាបោះឆ្នោត របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺលោក George Papadopoulos ត្រូវបានដោះលែងពីពន្ធនាគារវិញហើយ នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ក្រោយ ជាប់ឃុំអស់ជាច្រើនថ្ងៃដោយសារនិយាយកុហកក្រុមអ្នកស៊ើបអង្កេតក្នុងសំណុំរឿងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។
លោក Papadopoulos បានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេល១២ថ្ងៃ ពីបទនិយាយកុហកក្រុមអ្នកស៊ើបអង្កេតស្តីពីទំនាក់ ទំនងរបស់លោកជាមួយនឹងក្រុមបុគ្គលដែលមានទំនាក់ទំនងជាមួយនឹងរុស្ស៊ី នៅអំឡុងពេលធ្វើយុទ្ធនាការឃោសនា បោះឆ្នោតប្រធានាធិបតីអាមេរិក។ លោក Papadopoulos បានចាកចេញពីពន្ធនាគារស្ថិតក្នុងទីក្រុង Oxford រដ្ឋ Wisconsin សហរដ្ឋអាមេរិក នៅវេលាម៉ោង១០ព្រឹក (ម៉ោងក្នុងតំបន់)។
ប៉ុន្តែជាផ្នែកនៃការប្រកាសទោសរបស់លោក អតីតមនុស្សជំនិតរបស់លោក ត្រាំរូបនេះ នឹងត្រូវគេឃ្លាំមើលរយៈពេល១២ខែ ក្រោយការដោះលែង ហើយលោកនត្រូវបម្រើការងារសហគមន៍ ២០០ម៉ោង ក្នុងរយៈពេល១ឆ្នាំ ព្រមទាំងត្រូវបង់ប្រាក់ពិន័យ ចំនួន៩,៥០០ដុល្លារសហរដ្ឋអាមេរិកផងដែរ។
គួរបញ្ជាក់ថា លោក George Papadopoulos បានក្លាយជាគោលដៅនៃការស៊ើបអង្កេតយ៉ាងខ្លាំង របស់រដ្ឋអាជ្ញាអាមេរិក លោក Robert Mueller នៅក្នុងសំណុំរឿងការលូកដៃរបស់រុស្ស៊ីចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦៕