(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បាននិយាយថា ការចោទប្រកាន់ថាក្រុមឧទ្ទាមស៊ីរី ប្រើប្រាស់អាវុធគីមីពីសំណាក់រុស្ស៊ី និង រដ្ឋាភិបាលស៊ីរីគឺគា្រន់តែជារឿងប្រឌិត ហើយវាមានតែបំផ្លាញដល់បទឈប់បាញ់នៅក្នុងខេត្ត Idlib តែប៉ុណ្ណោះ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។
រដ្ឋាភិបាលស៊ីរី និងរុស្ស៊ី បានចោទប្រកាន់ថាក្រុមឧទ្ទាមស៊ីរី គាំទ្រដោយសហរដ្ឋអាមេរិក បានប្រើប្រាស់អាវុធគីមីនៅក្នុងការ វាយប្រហារលើកងកម្លាំងរដ្ឋាភិបាលទីក្រុងដាម៉ាស់ ដោយបណ្ដាលឱ្យមនុស្សជាង១០០នាក់ រងរបួសនៅក្នុងទីក្រុង Aleppo កាលពីខែវិច្ឆិកាកន្លងទៅ។ ចំណែកឯ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី ថែមទាំងបានចេញផ្សាយរូបភាពជាច្រើនពីមនុស្សរងរបួស ដោយសារឧស្ម័នក្លរកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយផ្អែកលើភស្ដុតាងទាំងនេះទីក្រុងម៉ូស្គូ បានដឹកនាំ ការវាយប្រហារតាមផ្លូវអាកាសយ៉ាងសន្ធាប់លើមូលដ្ឋានរបស់ក្រុមឧទ្ទាមស៊ីរី។
ប៉ុន្តែ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិក បានអះអាងថាការចោទ ប្រកាន់របស់រុស្ស៊ី និងស៊ីរី គ្រាន់តែជារឿងប្រឌិតប៉ុណ្ណោះ ហើយថាអ្នកនៅពីក្រោយការវាយប្រហារដោយអាវុធគីមី នឹងត្រូវ ទទួលខុសត្រូវចំពោះទង្វើដ៏សាហាវព្រៃផ្សៃបែបនេះ។
គួរជម្រាបថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ក៏ធ្លាប់បានចោទប្រកាន់រដ្ឋាភិបាលស៊ីរីផងដែរថាបាន
ប្រើប្រាស់អាវុធគីមីនៅក្នុងការវាយប្រហារប្រឆាំងនឹងក្រុមឧទ្ទាមស៊ីរី ព្រមទាំងបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើ មូលដ្ឋានទ័ពស៊ីរី កាលពីឆ្នាំ២០១៧៕