Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ហៅលោក ត្រាំ ថាជាមនុស្សគ្មានវិន័យ រីឯលោក ត្រំាហៅលោកវិញថាជាមនុស្សល្ងីល្ងើ

08-12-2018 08:57

(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានហៅលោក ដូណាល់ ត្រាំ ថាជាមនុស្សគ្មានវិន័យ និងចង់រំលោភបំពានលើច្បាប់ច្រំដែលៗ ដែលនេះបានធ្វើឱ្យលោកប្រធានាធិបតីអាមេរិកផ្ទុះកំហឹង និងហៅលោក ធីលឺ្លសុន វិញថាជាមនុស្សល្ងីល្ងើមិនដឹងអី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។

សង្រ្គាមពាក្យសម្ដីបានផ្ទុះឡើង ក្រោយលោក ធីល្លឺសុន បាននិយាយនៅក្នុងបទសម្ភាសន៍ដ៏កម្រមួយកាលពីយប់ ថ្ងៃព្រហស្បតិ៍ថាលោក ត្រាំ ជាមនុស្សគ្មានវិន័យ ហើយថាអ្វីដែលលោកចង់ធ្វើគឺជាជារឿងមិនអាចទៅរួច ព្រោះវារំលោភលើ ច្បាប់ ឬសន្ធិសញ្ញា។ លោក ធីល្លឺសុន បានបន្ថែមដូច្នេះថា៖«ខ្ញុំធ្លាប់បានប្រាប់គាត់ (លោក ត្រាំ) ថាខ្ញុំយល់ពីអ្វីដែលអ្នកចង់ ធ្វើ ប៉ុន្តែអ្នកមិនអាចធ្វើបានតាមវិធីដូចពេលកន្លងមកឡើយ ព្រោះវាជារឿងរំលោភលើច្បាប់ និងសន្ធិសញ្ញា»។

ដោយឡែក ក្រោយបានស្ដាប់លឺពាក្យទាំងនេះ លោក ដូណាល់ ត្រាំ​ ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង ដោយហៅលោក ធីល្លឺសុន ចំៗថាជាមនុស្សល្ងីល្ងើមិនដឹងអី ដូចថ្មមួយដុំ។ « (លោក) ធីល្លឺសុន គ្មានសមត្ថភាពខាងស្មារតីក្នុងការកាន់តំណែងជា រដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ...ហើយគាត់គឺជាមនុស្សល្ងីល្ងឺមិនអីដូចថ្មមួយដុំ»។ នេះជាការលើកឡើងរបស់លោកត្រាំ នៅលើ Twitter កាលពីថ្ងៃសុក្រ (ម៉ោងនៅអាមេរិក)។

គួរបញ្ជាក់ថា លោក រិច ធីល្លឺសុន ត្រូវបានលោក ត្រាំ បណ្ដេញចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីខែមីនា កន្លងទៅ៕