(បាងកក)៖ ការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៃប្រទេសថៃ នឹងត្រូវអនុញ្ញាតឲ្យចាប់ផ្តើមឡើង នៅក្រោយថ្ងៃចូលឆ្នាំសកលខាងមុខ។ នេះបើតាមការអះអាងរបស់ឧបនាយករដ្ឋមន្រ្តីថៃ លោក វីស្សានុ គ្រាហ្កាម ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងជំនួបពិភាក្សារវាងអាជ្ញាធរនិងបណ្តាគណបក្សនយោបាយថៃ អំពីការបោះឆ្នោត ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ លោក វីស្សានុ បានប្រកាសឲ្យដឹងថា ព្រះរាជក្រឹត្យស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នឹងត្រូវចេញនៅថ្ងៃទី០២ ខែមករា ឆ្នាំក្រោយ ដើម្បីបើកឲ្យរាល់គណបក្សនយោបាយទាំងអស់ ចាប់ផ្តើមការធ្វើយុទ្ធនាការបោះឆ្នោតនៅទូទាំងផ្ទៃប្រទេស។
បើតាមលោកឧបនាយករដ្ឋមន្រ្តីថៃ បម្រាមរបស់ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO) ដែលហាមមិនឲ្យមានសកម្មភាពទាក់ទាញសំឡេងឆ្នោតនោះ នឹងត្រូវដកចេញក្នុងខែនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ថានឹងធ្វើឡើងនៅថ្ងៃណាឲ្យប្រាកដឡើយ។
គួរជម្រាបថា គណៈកម្មការរៀបចំការបោះឆ្នោតថៃ នឹងចាប់ផ្តើមបើកទទួលពាក្យបេក្ខភាពប្រកួតប្រជែងអាសនៈនៅក្នុងសភា នាអំឡុងថ្ងៃទី១៤ដល់ទី១៨ ខែមករា និងការចុះឈ្មោះបេក្ខភាពជានាយករដ្ឋមន្រ្តីពីគណបក្សនយោបាយនីមួយៗនៅថ្ងៃទី២៥ ខែដដែល។
សម្រាប់គណបក្ស Palang Pracharath ដែលមានរដ្ឋមន្រ្តីឧស្សាហកម្មថៃ លោក Uttama Savanayana ជាប្រធាន រួមជាមួយមន្រ្តីរដ្ឋាភិបាលថៃ០៣រូបទៀតនោះ ត្រូវគេរាយការណ៍ថា បានគ្រោងនឹងលើកនាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន គឺលោក ប្រាយុទ្ធ ចាន់អូចា ឲ្យធ្វើជាបេក្ខភាពនាំមុខគេរបស់ខ្លួន សម្រាប់តំណែងជានាយករដ្ឋមន្រ្តីនៅក្រោយការបោះឆ្នោត៕