(សេអ៊ូល)៖ កូរ៉េខាងត្បូងបានសម្រេចអនុញ្ញាត ចំពោះគម្រោងតម្លៃ៣០០លានដុល្លារ ស្តីពីការទិញមីស៊ីលបន្ថែមជាប្រភេទបាញ់ចេញពីនាវាទៅផ្ទៃអាកាស ពីសហរដ្ឋអាមេរិក មកបំពាក់លើនាវាពិឃាតថ្មីចំនួន០៣គ្រឿង ដែលប្រើប្រាស់ប្រព័ន្ធប្រយុទ្ធដ៏ទំនើបហៅថា Aegis។ នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានទិញសព្វាវុធនៃក្រសួងការពារជាតិកូរ៉េខាងត្បូង ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៉ី Sputnik នៅយប់ថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
ការសម្រេចផ្តល់ការអនុញ្ញាតខាងលើ ត្រូវបានធ្វើឡើងនាថ្ងៃសុក្រនេះ ក្នុងអំឡុងកិច្ចប្រជុំនៃគណៈកម្មាធិការទទួលបន្ទុកការទិញសព្វាវុធរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។ ដោយក្រៅពីគម្រោងទិញមីស៊ីល គណៈកម្មាធិការនេះ ក៏បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនកូរ៉េខាងត្បូង Hanwha ដើម្បីផលិតមីស៊ីលប្រភេទទំហំ២៣០មីលីម៉ែត្រ សម្រាប់ប្រព័ន្ធបាញ់មីស៊ីលច្រើនក្នុងពេលតែមួយផងដែរ។
គួរជម្រាបថា ប្រភេទមីស៊ីលដែលកូរ៉េខាងត្បូង នឹងទិញពីសហរដ្ឋអាមេរិក គឺមីស៊ីល SM-2 ដែលត្រូវបានអភិវឌ្ឍន៍ឡើងដើម្បីផ្តល់ការការពារដែនអាកាស និងប្រឆាំងជាមួយប្រភេទមីស៊ីលប្រដេញចម្ងាយឆ្ងាយ (Cruise Missile) ក្នុងផ្នែកនៃប្រព័ន្ធប្រយុទ្ធដោយប្រើមីស៊ីល ដែលគេហៅថា Aegis របស់ក្រុមនាវាចម្បាំង៕