(ប៉ារីស)៖ វីដេអូបង្ហាញពីសិស្សវិទ្យាល័យបារាំងជាច្រើននាក់ លុតជង្គង់ ដាក់ដៃលើក្បាលនិងអ្នកខ្លះទៀតលុតជង្គង់ផ្ទប់នឹងជញ្ជាំង ខណៈប៉ូលិសកាន់ដំបងនៅពីក្រោយ កំពុងបង្កជាការរិះគន់និងការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកលេងបណ្ដាញទំនាក់ទំនងសង្គមនៅក្នុងប្រទេសបារាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅយប់ថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
វីដេអូនេះត្រូវបានថតជាប់ នៅពេលដែលប៉ូលិសបានឃាត់ខ្លួនក្រុមបាតុករប្រឆាំងនឹងកំណែទម្រង់វិស័យអប់រំរបស់ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នៅឯតំបន់ ម៉ង់-ឡា-ហ្សូលី (Mantes-la-Jolie) កាលពីថ្ងៃព្រហស្បតិ៍។ ចំណែកឯ ភាគច្រើននៃអ្នកត្រូវបានចាប់ខ្លួន គឺជាសិស្សវិទ្យាល័យនៅក្នុងតំបន់។
គួរបញ្ជាក់ថា វីដេអូខាងលើត្រូវបានបង្ហោះលើ Twitter ដោយក្រុមបាតុករឈ្មោះ វីយ្យ៉ូឡង់ ប៉ូលិសស្យ៊ែរ (Violences Policières) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបង្កឱ្យមានការរិះគន់ និងការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកលេង បណ្ដាញទំនាក់ទំនងសង្គមនៅក្នុងប្រទេសបារាំងរហូតដល់មានអ្នកខ្លះចាត់ទុកថាវាគឺជាការប្រហារជីវិតដោយបាញ់សម្លាប់ទៀតផង៕