(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានក្លាយជាអ្នកនាំចេញប្រេង និងផលិតផលឥន្ធនៈច្រើនជាងនាំចូលកាលពីសប្ដាហ៍មុន ជាលើកដំបូងក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ ជាមួយការនាំចេញប្រេងសរុប ២១១,០០០បារ៉ែលក្នុងមួយថ្ងៃ។ ប៉ុន្តែអ្នកជំនាញខ្លះថា គ្រាន់តែជាលទ្ធផលបណ្ដោះអាសន្នប៉ុណ្ណោះ។ នេះបើតាមទិន្នន័យមួយដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមទិន្នន័យចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) អស់រយៈពេល ជាច្រើនសប្ដាហ៍រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា សហរដ្ឋអាមេរិកបាននាំចូលប្រេងឆៅ និងផលិតផលឥន្ធនៈ ៨.៨លានបារ៉ែលក្នុងមួយថ្ងៃ ហើយនាំចេញទៅវិញ ០៩លានបារ៉ែលក្នុងមួយថ្ងៃ។ បន្ថែមពីលើនេះ EIA ក៏បានឱ្យដឹងដែរថា សហរដ្ឋអាមេរិកបាន ក្លាយជាប្រទេសនាំចូលប្រេងច្រើនជាងនាំចេញ ចាប់តាំងឆ្នាំ១៩៧៣។
ប៉ុន្តែមកទល់ឆ្នាំ២០១៨នេះ សហរដ្ឋអាមេរិកបាននាំចូលប្រេងឆៅ និងផលិតផលឥន្ធនៈសរុប ០៣លានបារ៉ែលក្នុងមួយថ្ងៃ ខណៈការនាំចូលប្រេងកាលពីឆ្នាំ២០០៥ មានរហូតដល់ទៅច្រើនជាង ១៤លានបារ៉ែលក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា តម្លៃប្រេងនៅលើទីផ្សារពិភពលោក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានធ្លាក់ចុះ ក្រោយការប្រជុំរបស់អង្គការ OPEC នៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស បានបញ្ចប់ទៅដោយគ្មានការសម្រេចចិត្តណាមួយ ជុំវិញការកាត់បន្ថយការផលិតប្រេង៕