(វ៉ាស៊ីនតោន)៖ យន្ដហោះអង្កេតការណ៍ OC-135 មួយគ្រឿងរបស់កងទ័ពអាកាសអាមេរិក បានដឹកនាំប្រតិបត្តិការហោះហើរ ពិសេសមួយពីលើដែនអាកាសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីអះអាងពីការគំាទ្រ និងការពារទីក្រុងកៀវ ប្រឈមមុខនឹងការគំរាមកំហែងពីរុស្ស៊ី។ នេះបើតាមមន្ទីរបញ្ចកោណ ដកស្រង់ដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងប្រាប់ CNN អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក អេរិច ផាហុន (Eric Pahon) បានគូសបញ្ជាក់ដូច្នេះថា «ប្រតិបត្តិការហោះហើរ ជាពិសេសក្រោមសន្ធិសញ្ញាបើកចំហមេឃ (Open Skies treaty) គឺបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន និងសម្ព័ន្ធមិត្តដទៃទៀត»។ លោកបន្ថែមថា ការវាយប្រហារ និងរឹបអូសទូកអ៊ុយក្រែនពីសំណាក់ឆ្មាំសមុទ្ររុស្ស៊ី នៅឯច្រកសមុទ្រឃើច (Kerch) ក្នុងសមុទ្រខ្មៅគឺជាសកម្មភាពបង្កគ្រោះថ្នាក់ និងការគំរាមកំហែង។
គួរបញ្ជាក់ថា បើតាមលោក Pahon ក្រុមអ្នកអង្កេតការណ៍មកពីសហរដ្ឋអាមេរិក កាណាដា បារាំង អង់គ្លេស រ៉ូម៉ានី និងអ៊ុយក្រែនបានចូលរួមនៅក្នុងប្រតិបត្តិការហោះហើរពិសេស តបតាមសំណើពីភាគីអ៊ុយក្រែន។ ប៉ុន្តែកាលពីថ្ងៃពុធ សហរដ្ឋអាមេរិកក៏ត្រូវបានគេរាយការណ៍ផងដែរថា បានបញ្ជូននាវាពិឃាត USS McCampbell ទៅកាន់តំបន់សមុទ្រជប៉ុន ខណៈនាវាពិឃាតមួយនេះត្រូវបានគេរំពឹងថា នឹងធ្វើដំណើរចូលទៅកាន់សមុទ្រខ្មៅ៕