(អាមេរិក)៖ ស្ថានការណ៍បានវិលទៅរកភាពប្រក្រតីវិញហើយ បន្ទាប់ពីប៉ូលិសអាមេរិក និងស្ថានីយទូរទស្សន៍ CNN ផ្ទាល់បានសម្រេចអនុញ្ញាតឲ្យបុគ្គលិកដែលត្រូវជម្លៀសខ្លួនដោយសារតែមានការហៅទូរស័ព្ទគំរាមពីការបង្កៃគ្រាប់បែក ឲ្យត្រឡប់ចូលធ្វើការងារជាធម្មតាវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយសារព័ត៌មានរបស់ CNN នៅរសៀលថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
បើតាមការបញ្ជាក់ពីថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ CNN ក្រោយការត្រួតពិនិត្យឆែកឆេរដើម្បីរុករកវត្ថុសង្ស័យ ទីបំផុតកម្លាំងប៉ូលិសទីក្រុងញូយ៉ក បានបញ្ជាក់ថា អគារទីស្នាក់ការរបស់ CNN មិនមានគ្រឿងផ្ទុះអ្វីឡើយ ហើយអ្នករាល់គ្នាអាចវិលត្រឡប់មកចូលធ្វើការងារដូចធម្មតាវិញបាន។
គួរជម្រាបថា យោងតាមប្រភពអះអាងពីអាជ្ញាធរអាមេរិក ហេតុការណ៍ភ្ញាក់ផ្អើលខាងលើ បានកើតមានឡើងនាវេលាយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) នៅពេលដែលមានបុគ្គលម្នាក់បានហៅទូរស័ព្ទមកអះអាងថា មានគ្រឿងផ្ទុះចំនួន ០៥ បង្កៃនៅក្នុងអគារទីស្នាក់របស់ CNN ប្រចាំទីក្រុងញូយ៉ក។
កាលពីខែតុលាកន្លងទៅ ការិយាល័យរបស់ CNN ក៏ធ្លាប់មានការជម្លៀសខ្លួនទាក់ទិននឹងគ្រឿងផ្ទុះនេះផងដែរ ដោយកាលនោះ ពោលគឺនៅមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិអាមេរិក ករណីដ៏ក្រើកមួយបានកើតឡើង គឺការផ្ញើកញ្ចប់គ្រាប់បែកទៅកាន់អ្នកនយោបាយល្បីៗនៃបក្សប្រជាធិបតេយ្យអាមេរិក ប៉ុន្តែពុំមានឧបករណ៍ណាមួយផ្ទុះ ឬបុគ្គលណាម្នាក់រងគ្រោះឡើយ។ ចំណែកជនសង្ស័យវិញមានឈ្មោះថា Cesar Sayoc វ័យ ៥៦ឆ្នាំ កំពុងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៤៨ឆ្នាំ៕