(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសរសេរសារនៅលើបណ្តាញសង្គម Twitter ថា លោកឯកភាពចំពោះសេចក្តីថ្លែងការណ៍មួយរបស់ចិន ដែលបង្ហាញពីជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយរវាងប្រទេសទាំងពីរនឹងសម្រេចបានក្នុងរយៈពេល ៩០ថ្ងៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានព្រមព្រៀងគ្នាផ្អាកជម្លោះ និងសង្រ្គាមពាណិជ្ជកម្មដ៏តានតឹងជាបណ្តោះអាសន្នសិន នាអំឡុងនៃការចូលរួមកិច្ចប្រជុំកំពូល G20 ដែលប្រព្រឹត្តទៅនៅឯទីក្រុងប៊ុយណូសអារ៉ែស នៃប្រទេសអាហ្សង់ទីន។
លោក ដូណាល់ ត្រាំ បានយល់ព្រមផ្អាកគម្រោងដំឡើងពន្ធពី១០ភាគរយទៅ២៥ភាគរយលើទំនិញចិន ដែលគិតជាទឹកប្រាក់សរុប២០០ពាន់លានដុល្លារ ដើម្បីបើកផ្លូវសម្រាប់កិច្ចចរចាពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ប៉ុន្តែលោក ត្រាំ បានព្រមានថាប្រសិនបើកិច្ចប្រឹងប្រែងចរចានេះមិនទទួលជោគជ័យក្នុងរយៈពេល០៣ខែទេនោះ អត្រាពន្ធនឹងត្រូវដំឡើងតាមការគ្រោងទុកដដែល។
គួរជម្រាបថា មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ បានធ្វើសង្រ្គាមពាណិជ្ជកម្មយ៉ាងក្តៅគគុកជាមួយគ្នា ចាប់តាំងតែពីលោក ត្រាំ បានប្រកាសកាលពីខែមិថុនា ទំនិញចិនទំហំ ៥០ពាន់លានដុល្លារនឹងត្រូវដំឡើងពន្ធ ២៥ភាគរយ ក្រោមគោលបំណងស្រោចស្រង់ ទំហំឱនភាពពាណិជ្ជកម្មអាមេរិក-ចិនឡើងវិញ។ ក្រោយមក ប្រទេសទាំងពីរក៏បានចេញវិធានការ បង្កើនអត្រាពន្ធទៅវិញទៅមកជាបន្តបន្ទាប់ លើទំនិញដែលគិតជាទឹកប្រាក់រាប់រយពាន់លានដុល្លារ៕