(វ៉ាស៊ីនតោន)៖ ឆ្លើយតបទៅនឹងការអំពាវនាវ និងលើកឡើងអំពីលទ្ធភាពដែលសហរដ្ឋអាមេរិក និងអង្គការណាតូ (NATO) អាចដកទ័ពទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថានោះ មន្ទីរការពារជាតិអាមេរិកបញ្ចកោណ (Pentagon) បានព្រមានថា ការដកទ័ពខាងលើនេះ វាស្មើនឹងការអនុញ្ញាតឲ្យសុបិន្តអាក្រក់ដូចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ កើតឡើងវិញម្តងទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
មន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណអាមេរិកលោក ចូសិប ដុនហ្វដ (Joseph Dunford) បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) យ៉ាងដូច្នេះថា «សម្រាប់ការព្យាករណ៍របស់ខ្ញុំ ការដកទ័ពចេញពីអាហ្វហ្គានីស្ថាន នឹងទុកផ្លូវឲ្យពួកភេរវករដកដង្ហើមឡើងវិញ ហើយពួកគេនឹងបង្កការគំរាមកំហែងដល់ទឹកដីអាមេរិក និងបណ្តាសម្ព័ន្ធមិត្តអាមេរិកនានាជាក់ជាមិនខាន...»។
លោក Dunford បានសង្កត់ធ្ងន់ទៀតថា យោងតាមការគណនារបស់ក្រុមអង្កេតការណ៍ពិសេសរបស់អាមេរិក ការដកទ័ពអាមេរិក និង NATO ចេញពីទឹកដីអាហ្វហ្គានីស្ថាន វាស្មើនឹងការផ្តល់ឱកាសឲ្យពួកគេពូនផ្តុំកម្លាំង ដើម្បីធ្វើការវាយប្រហារទ្រង់ទ្រាយធំមកលើអាមេរិក និងសម្ព័ន្ធមិត្ត ដែលមានទំហំមិនខុសពីសុបិន្តអាក្រក់ ដែលអាមេរិកបានជួបប្រទះកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នោះឡើយ។
គួរបញ្ជាក់ថា មហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បានផ្តាច់ជីវិតមនុស្សចំរុះជាតិសាសន៍ភាគច្រើនជាជនជាតិជិត ៣,០០០នាក់ និងធ្វើឲ្យពិភពលោកទាំងមូលប្រកាសអាសន្ន ចំពោះអំពើភេរវកម្ម។ សហរដ្ឋអាមេរិកនៅឆ្នាំដដែលបានប្រកាសទៀតថា ក្រុមភេរវករអាល់កៃដារបស់ អូសាម៉ា ប៊ិនឡាដិន គឺជាមេខ្លោងរៀបចំការបុកកម្ទេចអគារភ្លោះពាណិជ្ជកម្ម និងអគារមន្ទីរបញ្ចកោណ ទើបបញ្ចេញប្រតិបត្តិការយោធាកម្ទេចក្រុមនេះនៅអាហ្វហ្គានីស្ថានតែម្តង៕