(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook ត្រូវបានគេរាយការណ៍ថា បានព្យាយាមលួចរក្សាទុកជាសំងាត់នូវទិន្នន័យ Call និងសាររបស់អ្នកប្រើប្រាស់ទូរស័ព្ទដៃប្រភេទ Android នៅក្នុងបរិបទដែលក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះកំពុង ជាប់ផុងក្នុងរឿងអាស្រូវធ្វើឱ្យលេចធ្លាយទិន្នន័យឯកជន របស់អ្នកប្រើប្រាស់រាប់សិបលាននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today (RT) នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមរបាយការណ៍ឈ្មោះថា Six4Three មានកម្រាស់រាប់រយទំព័រ និងចេញផ្សាយដោយសភាក្រុមតំណាងរាស្ត្រអង់គ្លេស នៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុន Facebook ក៏ត្រូវបានគេចោទប្រកាន់ផងដែរថា បានលក់ទិន្នន័យឯកជនរបស់អ្នកប្រើ ប្រាស់ទៅឱ្យភាគីទី ៣ ដើម្បីតែការរីកចំរើនរបស់ខ្លួន។
តែយ៉ាងនេះក្ដីនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បានច្រានចោលរបាយការណ៍នេះ ហើយថា ក្រុមហ៊ុនរបស់លោកមិនដែលបានលក់ទិន្នន័យអ្នកប្រើប្រាស់ទៅឱ្យភាគីទីបីឡើយ។ «យើងមិនដែលបានលក់ទិន្នន័យ អ្នកប្រើប្រាស់ម្នាក់ណាឡើយ... តែផ្ទុយទៅវិញ ដើម្បីឱ្យមានភាពប្រសើរឡើង ក្រុមហ៊ុន Facebook បានបិទគណនី និងកម្មវិធីរបស់ក្រុមហ៊ុន ឬអង្គភាពមួយចំនួន ដែលរំលោភបំពានលើទិន្នន័យអ្នកប្រើប្រាស់»។ នេះជាការលើកឡើងរបស់លោក Mark។
គួររំលឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Facebook បានប្រឈមមុខនឹងរឿងអាស្រូវជាច្រើនជាបន្តបន្ទាប់ ជាពិសេសគឺរឿងអាស្រូវកាលពីខែមីនា កន្លងទៅ ដែលក្រុមហ៊ុននេះត្រូវបានគេចោទថា បានបណ្ដោយឱ្យក្រុមហ៊ុនអង់គ្លេសឈ្មោះ Cambridge Analytica ប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់ជាង ៨៧លាននាក់៕