(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) បាននិយាយថា ការផ្លាស់ប្ដូរអាកប្បកិរិយាសេដ្ឋកិច្ចរបស់ចិន អាចនឹងជះឥទ្ធិពលដល់ប្រព័ន្ធនយោបាយផ្ទៃក្នុងរបស់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
លោក Bolton ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាមេរិក NPR នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានឈានដល់កិច្ចព្រមព្រៀងមួយក្នុងការផ្អាកការដំឡើងពន្ធដាក់គ្នាទៅវិញទៅមក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
លោក Bolton បានបន្ថែមដូច្នេះថា «ខ្ញុំគិតថាអ្វីដែលយើងកំពុងធ្វើ គឺរកមើលថាតើកិច្ចព្រមព្រៀងរវាងប្រធានាធិបតីទាំងពីរ អាចដោះស្រាយបញ្ហារចនាសម្ព័ន្ធសេដ្ឋកិច្ចចិនដែរ ឬទេ... តែខ្ញុំជឿថាការផ្លាស់ប្ដូរអាកប្បកិរិយាសេដ្ឋកិច្ចរបស់ចិន អាចនឹងជះឥទ្ធិពលដល់ ប្រព័ន្ធនយោបាយរបស់ទីក្រុងប៉េកាំង»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក ត្រាំ និងលោក ស៊ី បានព្រមពៀងគ្នាលើការផ្អាកការដំឡើងពន្ធដាក់គ្នាទៅវិញទៅមក នាឱកាសដែលមេដឹកនាំទំាងពីរចូលរួមកិច្ចប្រជុំ G20 ក្នុងទីក្រុង ប៊ុយណូសអ៊ែរែស (Buenos Aires) ប្រទេសអាហ្សង់ទីន។ ប៉ុន្តែកិច្ចព្រមព្រៀងត្រូវបានគេមើលឃើញថា ហាក់ដូចជាធ្លាក់ក្នុងភាពស្រពិចស្រពិលជាថ្មី ក្រោយកូនស្រីម្ចាស់ក្រុមហ៊ុន Huawei ត្រូវបានអាជ្ញាធរកាណាដា ចាប់ខ្លួនតាមសំណើរបស់សហរដ្ឋអាមេរិក ពីបទសង្ស័យថា បានរំលោភបំពានលើការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ដឹកនាំដោយទីក្រុងវ៉ាស៉ីនតោន៕