(ញូយ៉ក)៖ ប្រធានមហាសន្និបាទនៃអង្គការសហប្រជាជាតិ លោកស្រី ម៉ារៀ អេស្ពីណូសា (Maria Espinosa) បានឱ្យដឹងថា មហាសន្និបាត UN បានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចមួយដោយអំពាវនាវឱ្យអ៊ីស្រាអែល បញ្ចប់ការធ្វើអាណានិគមលើដែនដីមួយចំនួនរបស់ប៉ាឡេស្ទីន បើទោះជាសហរដ្ឋអាមេរិកបោះឆ្នោតជំទាស់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) លោកស្រី Espinosa បានបញ្ជាក់យ៉ាងដូច្នេះថា «ដំណោះស្រាយត្រូវបានបោះឆ្នោតអនុម័តក្នុងសំឡេងគាំទ្រ ១៥៦ ជំទាស់ ០៦ និងអនុប្បវាទចំនួន ១២សំឡេង»។ ប្រទេសដែលបានបោះឆ្នោតជំទាស់នឹងដោះស្រាយខាងលើរួមមាន សហរដ្ឋអាមេរិក អ៊ីស្រាអែល អូស្រ្តាលី លីប៊េរីយ៉ា កោះម៉ាសល (Marshall) និងកោះ ណាវរុ (Nauru)។
គួរបញ្ជាក់ថា ជាងបួនទសវត្សរ៍មកហើយដែលប៉ាឡេស្ទីន មានជម្លោះជាមួយប្រទេសអ៊ីស្រាអែល ដោយចាប់តាំងពីឆ្នាំ១៩៦៧មក ប្រទេសអ៊ីស្រាអែលបានទន្ទ្រានគ្រប់គ្រងតំបន់វែសត៍ប៊ែង (West Bank) បូករួមទាំងតំបន់ភាគខាងកើតហ្សេរុយសាឡឹម និងតំបន់ហ្គាហ្សាស្ទ្រីពផងដែរ ហើយថែមទាំងបានព្យាយាមប្រឆាំងការទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋស្របច្បាប់ និងឯករាជ្យ ដោយមានការជ្រោមជ្រែងពីក្រោយពីសំណាក់សហរដ្ឋអាមេរិក៕