(សាន់ហ្រ្វាន់ស៊ីស្កូ)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Facebook លោក Mark Zuckerberg បានច្រានចោលសេចក្ដីរាយការណ៍ដែលថាក្រុមហ៊ុនរបស់លោកបានលក់ទិន្នន័យអ្នកប្រើប្រាស់ទៅឱ្យភាគីទីបី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។
ការបដិសេធរបស់លោក Zuckerberg ធ្វើឡើងបន្ទាប់ពីតំណាងរាស្រ្តអង់គ្លេសម្នាក់ បានបញ្ចេញសារអេឡិចត្រូនិកសំងាត់ (Emails) របស់ Facebook ដោយចោទថាក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះ បានលក់ទិន្នន័យអ្នកប្រើប្រាស់ ដើម្បីតែការរីកចំរើនរបស់ខ្លួន។ លោក Zuckerberg គូសបញ្ជាក់នៅថ្ងៃពុធសប្ដាហ៍នេះ ដូច្នេះថា៖«យើងមិនដែលបានលក់ ទិន្នន័យអ្នកប្រើប្រាស់ម្នាក់ណាឡើយ...តែដើម្បីឱ្យភាពប្រសើរឡើង ក្រុមហ៊ុន Facebook បានបិទគណនី និងកម្មវិធីរបស់
ក្រុមហ៊ុន ឬអង្គភាពមួយចំនួនដែលរំលោភបំពានលើទិន្នន័យអ្នកប្រើប្រាស់»។
គួររំលឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Facebook បានប្រឈមមុខនឹងរឿងអាស្រូវជាច្រើនជាបន្ត បន្ទាប់ ជាពិសេសគឺរឿងអាស្រូវកាលពីខែមីនាកន្លងទៅ ដែលក្រុមហ៊ុននេះត្រូវបានគេចោទថាបានបណ្ដោយឱ្យក្រុមហ៊ុន អង់គ្លេសឈ្មោះ Cambridge Analytica ប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់ ជាង៨៧លាននាក់៕