(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ស្ថានទូតចិនប្រចាំប្រទេសកាណាដា បានជម្រុញឱ្យអាជ្ញាធរកាណាដា ដោះលែងអនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ជាបន្ទាន់ ក្រោយកូនស្រីម្ចាស់ក្រុមហ៊ុនរូបនេះត្រូវបាន ចាប់ខ្លួននៅក្នុងទីក្រុង វែនខូវើ (Vancouver) កាលពីដើមខែធ្នូកន្លងទៅពីបទសង្ស័យថា បានរំលោភបំពានលើទណ្ឌកម្មអាមេរិកប្រឆាំងអ៊ីរ៉ង់៕
២៖ យោធាអាមេរិកបានបញ្ជូននាវាពិឃាត បំពាក់មីស៊ីលប្រដេញមួយគ្រឿង ក្រោមប្រតិបត្តិការដែលទីក្រុងវ៉ាស៊ីនតោនហៅថា «សេរីភាពនៃនាវាចរ» ទៅកាន់សមុទ្រជប៉ុនថ្ងៃពុធសប្តាហ៍នេះ ក្បែរតំបន់ ភីធើ ហ្គ្រែត ប៊េយ (Peter the Great Bay) ដែលជាមូលដ្ឋានស្នូល នៃកងនាវារុស្ស៉ីប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក៕
៣៖ សារព័ត៌មាននៃក្រសួងការពារជាតិរុស្ស៊ីឈ្មោះ ក្រាសណាយ៉ា ហ្សាវែសដា (Krasnaya Zvezda) បានរាយការណ៍ថា ប្រព័ន្ធអាវុធឡាស៊ែរជំនាន់ថ្មីភឺរែសវែត (Peresvet ត្រូវបានដាក់ដំណើរការហើយ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ៕
៤៖ គម្រោងដំឡើងពន្ធលើឥន្ធនៈដែលបាន និងកំពុងបង្កឱ្យមានបាតុកម្មតវ៉ាដ៏ហិង្សានៅទូទាំងប្រទេសបារាំងត្រូវបានលុប ចេញពីកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៩ហើយ ស្របពេលរដ្ឋាភិបាលទីក្រុងប៉ារីស នៅតែបើកផ្លូវចរចាជាមួយក្រុមបាតុករ អាវកាក់ពណ៌លឿង៕
៥៖ កងម៉ារីនពីរនាក់ត្រូវបានជួយសង្រ្គោះ ខណៈមនុស្ស ០៥នាក់ ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ ក្រោយយន្តហោះចម្បាំង និងយន្តហោះដឹកសាំងនៃកងម៉ារីនអាមេរិក ធ្លាក់ចូលក្នុងផ្ទៃសមុទ្រភាគខាងលិចនៃប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ នេះ៕
៦៖ ឡាវបានបង្ហាញក្តីរំពឹងថា នឹងអាចលក់ថាមពលអគ្គិសនីបាន ១៤,៦០០មេហ្គាវ៉ាត់ នៅត្រឹមឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន ខ្លួនកំពុងនាំចេញថាមពលអគ្គិសនីទំហំ ៤,៤១៥មេហ្គាវ៉ាត់ ទៅកាន់ប្រទេសជិតខាងចំនួន០៥៕