(វ៉ាស៊ីនតោន)៖ យោធាអាមេរិកបានបញ្ជូននាវាពិឃាត បំពាក់មីស៊ីលប្រដេញមួយគ្រឿង ក្រោមប្រតិបត្តិការដែលទីក្រុងវ៉ាស៊ីនតោនហៅថា «សេរីភាពនៃនាវាចរ» ទៅកាន់សមុទ្រជប៉ុនថ្ងៃពុធសប្តាហ៍នេះ ក្បែរតំបន់ ភីធើ ហ្គ្រែត ប៊េយ (Peter the Great Bay) ដែលជាមូលដ្ឋានស្នូល នៃកងនាវារុស្ស៉ីប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។
អ្នកនាំពាក្យកងនាវាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានឲ្យដឹងថា នាវាពិឃាត USS McCampbell បានធ្វើដំណើរនៅក្នុងបរិវេណនៃតំបន់ Peter the Great Bay ដើម្បីប្រឆាំងនឹងការទាមទារដែនទឹកយ៉ាងហួសហេតុរបស់រុស្ស៉ី ដើម្បីបង្ហាញពីសិទ្ធិសេរីភាព និងការប្រើប្រាស់ដោយស្របច្បាប់នៃដែនសមុទ្រ ដែលសហរដ្ឋអាមេរិកព្រមទាំងប្រជាជាតិឯទៀតៗទទួលបាន។ ទីក្រុងវ៉ាស៊ីនតោនមិនទទួលស្គាល់ការទាមទារទឹកដីរបស់ម៉ូស្គូ ហួសពីចម្ងាយ ១៩.៣គីឡូម៉ែត្រពីតំបន់ Peter the Great Bay ឡើយ។
គួរជម្រាបថា នេះគឺជាការចល័តនាវាចម្បាំងអាមេរិកក្រោមប្រតិបត្តិការ «សេរីភាពនៃនាវាចរ» លើកមួយ គិតចាប់តាំងពីឆ្នាំ១៩៨៧មក ទៅក្បែរប្រទេសរុស្ស៉ី ដែលវាកើតឡើងនៅចំពោះមុខភាពតានតឹង នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕