(បាងកក)៖ យុទ្ធនាការគាំពារបរិស្ថានរយៈពេល ១០ថ្ងៃ នឹងចាប់ផ្តើមឡើងនាថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីសម្អាតសំរាមនានាចេញពីទន្លេ ចៅប្រាយ៉ា (Chao Phraya) ដែលធំបំផុតនៅប្រទេសថៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។
អភិបាលខេត្ត អាងថុង (Ang Thong) លោក រេវ៉ាត់ ប្រាសុង (Rewat Prasong) បាននិយាយថា អាជ្ញាធរប្រចាំខេត្តភាគកណ្តាលចំនួន ១០ បានរួមសហការគ្នារៀបចំយុទ្ធនាការខាងលើដើម្បីស្រង់សំរាម ជាពិសេសនោះគឺកាកសំណល់ផ្លាស្ទិកតែម្តង ចេញពីដងទន្លេដ៏ធំប្រវែង ៣៧២គីឡូម៉ែត្រ ដោយប្រើប្រាស់ពេលវេលា ១០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១០ ខែធ្នូ ខាងមុខនេះតទៅ។
គួរជម្រាបថា យុទ្ធនាការបរិស្ថាននេះ ត្រូវបានបង្កើតឡើងជាចម្បង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការសម្អាតសំរាម និងកាកសំណល់ផ្សេងៗចេញពីផ្លូវទឹកសំខាន់ៗនៃប្រទេសថៃ ព្រមទាំងជាគំរូនៃសកម្មភាព ការពារបរិស្ថានក្នុងប្រទេសជារួមផងដែរ៕