(តូក្យូ)៖ កងម៉ារីនពីរនាក់ត្រូវបានជួយសង្រ្គោះ ខណៈមនុស្ស ០៥នាក់ ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ ក្រោយយន្តហោះចម្បាំង និងយន្តហោះដឹកសាំងនៃកងម៉ារីនអាមេរិក ធ្លាក់ចូលក្នុងផ្ទៃសមុទ្រភាគខាងលិចនៃប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។
សហរដ្ឋអាមេរិកបានជូនដំណឹងដល់ក្រសួងការពារជាតិជប៉ុនថា យន្តហោះចម្បាំង F/A-18 និងយន្តហោះដឹកសាំងធុន KC-130 មកពីមូលដ្ឋានទ័ពអាកាស អ៊ីវ៉ាគូនិ (Iwakuni) របស់កងម៉ារីនអាមេរិក នៅភាគខាងលិចប្រទេសជប៉ុនបានធ្លាក់ នៅក្បែរឆ្នេរនៃខេត្ត កូជិ (Kochi) នាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះតែម្តង។ ចំណែកឯប្រតិបត្តិការស្វែង និងជួយសង្រ្គោះទ្រង់ទ្រាយធំ នៅតែកំពុងបន្តធ្វើឡើង ហើយក្រសួងការពារជាតិជប៉ុនក៏បានឱ្យដឹងដែរថា ក្នុងចំណោមជនរងគ្រោះទាំង ០២នាក់ ខាងលើមានម្នាក់ស្ថិតក្នុងស្ថានប្រសើរ រីឯម្នាក់ទៀតមិនទាន់ដឹងច្បាស់នៅឡើយទេ។
គួរជម្រាបថា នៅលើយន្តហោះ F/A-18 មានអាកាសយានិកចំនួន ០២នាក់ ខណៈមនុស្ស ០៥នាក់ មានវត្តមាននៅលើយន្តហោះដឹកសាំង KC-130 នៅពេលគ្រោះថ្នាក់ខាងលើបានកើតឡើង។ យន្តហោះយោធាអាមេរិកទាំងពីរបានធ្លាក់ ដោយសារតែការប៉ះគ្នាក្នុងអំឡុងការហោះហ្វឹកហ្វឺនចាក់សាំង ជាប្រចាំនៅលើអាកាស៕