(ម៉ូស្គូ)៖ សារព័ត៌មាននៃក្រសួងការពារជាតិរុស្ស៊ីឈ្មោះ ក្រាសណាយ៉ា ហ្សាវែសដា (Krasnaya Zvezda) បានរាយការណ៍ថា ប្រព័ន្ធអាវុធឡាស៊ែរជំនាន់ថ្មី
ភឺរែសវែត (Peresvet ត្រូវបានដាក់ដំណើរការហើយ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។
សារព័ត៌មាន Krasnaya Zvezda បានឱ្យដឹងថា យោធារុស្ស៊ីក៏បានបញ្ចេញវីដេអូនៃការចាប់ផ្ដើមដាក់ពង្រាយប្រព័ន្ធអាវុធ ឡាស៊ែរ Peresvet នេះដែរ រីឯយោធារុស្ស៊ីដែលទទួលភារកិច្ចប្រតិបត្តិការប្រព័ន្ធអាវុធនេះ ត្រូវបានបណ្ដុះបណ្ដាលចេញពីបណ្ឌិតសភាយោធាអវកាស ម៉ូហ្សៃស្កាយ (Mozhaysky) ក្នុងទីក្រុងភីធឺស្បឺក (St. Petersburg)។
បន្ថែមពីលើនេះផ្អែកលើការស្រង់សម្ដីពីអ្នកជំនាញម្នាក់ សារព័ត៌មានដដែលបានបញ្ជាក់ថា Peresvet មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការពារទីតាំងដាក់ពង្រាយប្រព័ន្ធមីស៊ីលបាលិស្ទីគអន្តរទ្វីប ក៏ដូចជាអាចប្រើប្រាស់ជាប្រព័ន្ធការដែនអាកាសបានទៀតផង។
គួររំលឹកថា កាលពីខែមីនាកន្លងទៅ នាឱកាសថ្លែងសន្ទរកថាប្រចាំឆ្នាំ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការអភិវឌ្ឍអាវុធទំនើបៗ ក្នុងនោះរួមមានប្រព័ន្ធអាវុធឡាស៊ែរ ដើម្បីបង្កើនសមត្ថភាពយោធារុស្ស៊ី និងធានាឱ្យបានថា រុស្ស៊ីដើរមុនគូប្រជែងរបស់ខ្លួនក្នុងវិស័យអាវុធឡាស៊ែរ៕