(វៀងច័ន្ទ)៖ ឡាវបានបង្ហាញក្តីរំពឹងថា នឹងអាចលក់ថាមពលអគ្គិសនីបាន ១៤,៦០០មេហ្គាវ៉ាត់ នៅត្រឹមឆ្នាំ២០៣០ ខណៈបច្ចុប្បន្នខ្លួនកំពុងនាំចេញថាមពលអគ្គិសនីទំហំ ៤,៤១៥មេហ្គាវ៉ាត់ ទៅកាន់ប្រទេសជិតខាងចំនួន០៥។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។
តួលេខនេះត្រូវបានប្រកាសឲ្យដឹងដោយរដ្ឋមន្រ្តីរ៉ែ និងថាមពលឡាវ លោក ខាំម៉ានី អ៊ិនធីរ៉ាត់ (Khammany Inthirath)។ រដ្ឋាភិបាលឡាវ និងថៃ បានចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មវិស័យថាមពល សម្រាប់ការផ្តល់ថាមពលអគ្គិសនីទំហំ ៩,០០០មេហ្គាវ៉ាត់ ខណៈបច្ចុប្បន្នឡាវកំពុងផ្គត់ផ្គង់ថាមពលជាង ៤,០០០មេហ្គាវ៉ាត់ ទៅឲ្យថៃហើយរំពឹងថានឹងអាចឡើងដល់ ៧,០០០មេហ្គាវ៉ាត់ នៅឆ្នាំ២០២០ និង ៩,០០០មេហ្គាវ៉ាត់ នៅឆ្នាំ២០៣០។
ឡាវក៏កំពុងលក់ថាមពលអគ្គិសនីជាង ៣០០មេហ្គាវ៉ាត់ ទៅឲ្យវៀតណាមផងដែរ ហើយរដ្ឋាភិបាលឡាវរំពឹងថា នឹងអាចបង្កើនទំហំថាមពលផ្គត់ផ្គង់ឲ្យដល់១,០០០មេហ្គាវ៉ាត់ នៅឆ្នាំ២០២០ និងដល់ ៥,០០០មេហ្គាវ៉ាត់ នៅឆ្នាំ២០៣០។ ក្រៅពីនេះឡាវគ្រោងនឹងលក់ថាមពលអគ្គិសនី ១០០មេហ្គាវ៉ាត់ ទៅឲ្យម៉ាឡេស៊ី តាមរយៈប្រទេសថៃ ហើយរដ្ឋាភិបាលឡាវរំពឹងថានឹងអាចលក់បាន៣០០មេហ្គាវ៉ាត់ ថែមទៀតនៅឆ្នាំ២០២០។
ម៉្យាងវិញទៀត រដ្ឋាភិបាលឡាវក៏នឹងលក់ថាមពលអគ្គិសនី ១០មេហ្គាវ៉ាត់ទៅឲ្យកម្ពុជាផងដែរ ហើយរំពឹងថានឹងអាចលក់បាន ២០០មេហ្គាវ៉ាត់បន្ថែមនៅឆ្នាំ២០២០។ សម្រាប់មីយ៉ាន់ម៉ាវិញ បានទិញថាមពលអគ្គិសនីទំហំ ០៥មេហ្គាវ៉ាត់ពីឡាវ ហើយឡាវនឹងលក់ឲ្យ ១០០មេហ្គាវ៉ាត់ថែមទៀតនៅឆ្នាំ២០២២ ខណៈរដ្ឋាភិបាលទាំងពីរ បានចុះកិច្ចសន្យាស្តីពីកិច្ចសហប្រតិបត្តិការលើការទិញ-លក់ថាមពល៕
គួរជម្រាបថា រដ្ឋាភិបាលឡាវក៏បានចុះកិច្ចសន្យាជាមួយចិនផងដែរ សម្រាប់កិច្ចសហប្រតិបត្តិការលើការសាងសង់ បណ្តាញបញ្ជូនចរន្តអគ្គិសនីមួយខ្សែ ដោយនាពេលនេះភាគីទាំងពីរកំពុងធ្វើការសិក្សា លើលទ្ធភាពផ្នែកបច្ចេកទេស និងសេដ្ឋកិច្ច ដែលរំពឹងថានឹងចប់រួចរាល់នៅឆ្នាំ២០១៩៕