(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានរិះគន់យ៉ាងខ្លាំង ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ដែលថាទីក្រុងវ៉ាស៊ីនតោន នឹងស្វែងរកសណ្ដាប់ធ្នាប់ប្រជាធិបតេយ្យថ្មីមួយសម្រាប់ពិភពលោក ដោយមិនចាំបាច់មានចិន ហើយថានេះគឺផ្ទុយទាំងស្រុងទៅនឹងស្មារតី នៃកិច្ចប្រជុំលើកចុងក្រោយ រវាងមេដឹកនាំនៃប្រទេសទាំងពីរ ក្នុងប្រទេសអាហ្សង់ទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។
ក្នុងសន្និសីទសារព័ត៌មានមួយនាសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ជែង ហ្ស័ង (Geng Shuang) បានលើកឡើងយ៉ាងដូច្នេះថា «ចិនគឺជាអ្នកកសាងសន្តិភាពពិភលោក ជាអ្នកចូលអ្នកចូលរួមចំណែក ដល់ការអភិវឌ្ឍសកលលោក និងជាអ្នកការពារសណ្ដាប់ធ្នាប់ពិភពលោកផងដែរ... ហើយទន្ទឹមគ្នា សហគមន៍អន្តរជាតិបានដឹងយ៉ាងច្បាស់ថា អាមេរិកកំពុងធ្វើសកម្មភាពដូចម្ដេចនៅលើឆាកអន្តរជាតិ ពោលគឺអាមេរិកប្រកាន់ខ្ជាប់តែនយោបាយស្ដង់ដារ និងតម្កល់ផលប្រយោជន៍ អាមេរិកមុនគេ ខណៈចិនបានគំាទ្រយ៉ាងពេញទំហឹងលើប្រព័ន្ធពហុភាគីនិយម»។
គួរជម្រាបថា កាលពីថ្ងៃអង្គាររដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានសន្យាថា សហរដ្ឋអាមេរិកនឹងស្វែងរកសណ្ដាប់ធ្នាប់ប្រជាធិបតេយ្យថ្មីមួយសម្រាប់ពិភពលោក តាមរយៈការពង្រឹងកិច្ចព្រមព្រៀងអន្តរជាតិ ដើម្បីរារាំងសភាវៈអាក្រក់ដូចជាចិន រុស្ស៊ី និងអ៊ីរ៉ង់ទទួលជោគជ័យ៕