(ម៉ូស្គូ)៖ ក្រុមភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី តែងធ្វើការឃ្លាំមើលក្បួនរថយន្តដឹកប្រេងពីភាគខាងកើតប្រទេសស៊ីរីទៅតួកគី និងអ៊ីរ៉ាក់ ដោយប្រាក់ចំណូលពីប្រតិបត្តិការទាំងនោះ ត្រូវបានប្រើប្រាស់ក្នុងការផ្តល់ហិរញ្ញប្បទានទៅឲ្យក្រុមភេរវករ ISIS។ នេះបើតាមការអះអាងរបស់មេបញ្ជាការយោធារុស្ស៉ី លោក វ៉ាឡឺរី ហ្គែរ៉ាស៊ីម៉ូវ (Valery Gerasimov) ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។
លោក Gerasimov បានថ្លែងដូច្នេះថា «ថវិកាបានពីការលក់ប្រេងកំពុងត្រូវបានចំណាយលើការផ្តល់ហិរញ្ញប្បទានដល់ភេរវកររបស់ក្រុម ISIS។ កាលពីខែធ្នូឆ្នាំមុន ដំណាក់កាលសកម្មនៃប្រតិបត្តិការដើម្បីកម្ទេច ISIS នៅក្នុងប្រទេសស៊ីរី ត្រូវបានបញ្ចប់។ សព្វថ្ងៃនេះពួក ISIS មានវត្តមានតែនៅភាគខាងកើតនៃទន្លេ អឺប្រាត (Euphrates) ក្នុងតំបន់ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកប៉ុណ្ណោះ»។ លោក Gerasimov បានសង្កត់ធ្ងន់ថាក្រុមអ្នកសំងំលាក់ខ្លួនដែលគេហៅថា «Sleeper Cell» របស់ពួក ISIS បានផ្តើមចេញសកម្មភាពនិងពង្រីកឥទ្ធិពលរបស់ពួកគេនៅតាមតំបន់ផ្សេងៗ។
គួរជម្រាបថារុស្ស៊ីបានបញ្ជូនរបាយការណ៍មួយទៅកាន់អង្គការសហប្រជាជាតិ ដែលបង្ហាញពីការដឹកជញ្ជូនប្រេងពីស៊ីរីទៅតួកគី ព្រមទាំងអំពីទំនាក់ទំនងនៃការដឹកជញ្ជូនទាំងនេះ ជាមួយការផ្តល់ហិរញ្ញប្បទានដល់ក្រុមភេរវករ ISIS កាលពី ៣ឆ្នាំមុន នៅពេលដែលទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា និងម៉ូស្គូ បានធ្លាក់ចុះដុនដាប ដោយសារការតែបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង ដោយកងទ័ពតួកគី នៅព្រំដែនតួកគី-ស៊ីរី៕