(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំប្រទេសកាណាដា បានជម្រុញឱ្យអាជ្ញាធរកាណាដា ដោះលែងអនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ជាបន្ទាន់ ក្រោយកូនស្រីម្ចាស់ក្រុមហ៊ុនរូបនេះត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង វែនខូវើ (Vancouver) កាលពីដើមខែធ្នូកន្លងទៅពីបទសង្ស័យថា បានរំលោភបំពានលើទណ្ឌកម្មអាមេរិកប្រឆាំងអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ស្ថានទូតចិន បានលើកឡើងយ៉ាងដូច្នេះថា «តបតាមសំណើរបស់សហរដ្ឋអាមេរិក កាណាដាបានចាប់ខ្លួនពលរដ្ឋចិនម្នាក់ ដែលមិនបានរំលោភលើច្បាប់អាមេរិក ឬកាណាដាទាល់តែសោះ... ដូច្នេះចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពដែលរំលោភ និងបំផ្លាញសិទ្ធិមនុស្សរបៀបនេះ ក៏ដូចជម្រុញឱ្យភាគីកាណាដា ដោះលែងពលរដ្ឋចិនជាបន្ទាន់»។
គួរបញ្ជាក់ថា លោកស្រី Meng Wanzhou ដែលជាកូនស្រីម្នាក់របស់ស្ថាបនិកក្រុមហ៊ុន Huawei គឺលោក រិន ចេងហ្វៃ (Ren Zhengfei) ផងដែរនោះត្រូវបានអាជ្ញាធរកាណាដា ចាប់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូកន្លងទៅ ពីបទសង្ស័យថា លោកស្រីបានរំលោភបំពានលើ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់ ខណៈលោកស្រីត្រូវបានគេរំពឹងថា អាចនឹងត្រូវធ្វើបត្យាប័នបញ្ជូនខ្លួនទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខរឿងក្តីចោទប្រកាន់ខាងលើនេះ៕