យោធាលីបង់៖ កងទ័ពអ៊ីស្រាអែលត្រូវតែដកចេញពីភាគខាងកើតលីបង់ ព្រោះវាជាទង្វើរំលោភបំពាន និងបង្កហេតុដែលមិនអាចទទួលបាន!
06-12-2018 10:08
(លីបង់)៖ តំណាងយោធាលីបង់ម្នាក់ បាននិយាយនៅក្នុងកិច្ចប្រជុំត្រីភាគីនៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយយោធាអ៊ីស្រាអែល និងកងកម្លាំង UN ប្រចាំលីបង់ (UNIFIL) ថា កងទ័ពអ៊ីស្រាអែលត្រូវតែដកចេញពី តំបន់ភាគខាងត្បូងរបស់ប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។
សារព័ត៌មាន Sputnik ផ្អែកលើសេចក្ដីថ្លែងការណ៍របស់យោធាលីបង់ បានឱ្យដឹងយ៉ាងដូច្នេះថា «សកម្មភាពរំលោភបំពានលើដែនអាកាស ដែនទឹក និងព្រំដែនគោកដោយអ៊ីស្រាអែល គឺជាទង្វើបង្ករឿងមួយមិនអាចទទួលយកបានជាដាច់ខាត... ហើយ យើងស្នើឱ្យអ៊ីស្រាអែលបញ្ឈប់ទង្វើបែបនេះ និងដកចេញពីតំបន់ព្រំដែនភាគខាងត្បូងរបស់លីបង់»។
គួរជម្រាបថា កាលពីថ្ងៃអង្គារ យោធាអ៊ីស្រាអែលបានប្រកាសដាក់ចេញប្រតិបត្តិការយោធាមួយ ដោយសំដៅកម្ទេចផ្លូវ រូងក្រោមដីប្រើប្រាស់ដោយក្រុមហេសប៊ូលឡាជាសំងាត់ ដើម្បីបញ្ជូនយោធាចូលទៅក្នុងប្រទេសអ៊ីស្រាអែល។ ប៉ុន្តែយោធាលីបង់បានទទូចឱ្យទីក្រុងតែលអាវីវ បង្ហាញភស្ដុតាង និងបញ្ជាក់បន្ថែមពីការអះអាងរបស់ខ្លួន។ បច្ចុប្បន្នភាពក្តៅគគុករវាងអ៊ីស្រាអែល និងក្រុមហេស៊ូលឡា-លីបង់កំពុងតែបន្ត និងបង្កជាការព្រួយបារម្ភមួយផងដែរសម្រាប់តំបន់ទាំងមូល៕