(តូក្យូ)៖ យន្តហោះចម្បាំង និងយន្តហោះដឹកសាំងនៃកងម៉ារីនអាមេរិក នាថ្ងៃព្រហស្បតិ៍នេះ ធ្លាក់ចូលក្នុងផ្ទៃសមុទ្រភាគខាងលិចនៃប្រទេសជប៉ុន ខណៈមនុស្សម្នាក់ក្នុងចំណោម ០៧នាក់ ត្រូវបានជួយសង្រ្គោះ និង០៦នាក់បន្តបាត់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។
សហរដ្ឋអាមេរិកបានជូនដំណឹងដល់ក្រសួងការពារជាតិជប៉ុនថា យន្តហោះចម្បាំង F/A-18 និងយន្តហោះដឹកសាំងធុន KC-130 មកពីមូលដ្ឋានទ័ពអាកាស អ៊ីវ៉ាគូនិ (Iwakuni) របស់កងម៉ារីនអាមេរិក នៅភាគខាងលិចប្រទេសជប៉ុន បានធ្លាក់នៅក្បែរឆ្នេរនៃខេត្ត កូជិ (Kochi) នាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះតែម្តង។
គួរជម្រាបថា នៅលើយន្តហោះ F/A-18 មានអាកាសយានិកចំនួន ០២នាក់ ខណៈមនុស្ស ០៥នាក់ មានវត្តមាននៅលើយន្តហោះដឹកសាំង KC-130 នៅពេលគ្រោះថ្នាក់ខាងលើបានកើតឡើង ដោយម្នាក់ក្នុងចំណោមអ្នកទាំងនោះត្រូវបានជួយសង្រ្គោះដោយកងកម្លាំងស្វ័យការពារជប៉ុន។ យន្តហោះយោធាអាមេរិកទាំងពីរបានធ្លាក់ ដោយតែការប៉ះគ្នាក្នុងអំឡុងការហោះហ្វឹកហ្វឺនជាប្រចាំ៕