(កាណាដា)៖ ប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Huawei Technologies លោកស្រី វ៉ានចូវ ម៉េង (Wanzhou Meng) ត្រូវបានអាជ្ញាធរកាណាដាចាប់ខ្លួននៅក្នុងទីក្រុង វែនខូវើ (Vancouver) ពីបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការរំលោភបំពានលើការដាក់ទណ្ឌកម្មពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើតាមក្រសួងយុត្តិធម៌កាណាដា ដកស្រង់ដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងយុត្តិធម៌កាណាដា លោក អ៊ីយ៉ាន ម៉ាកអេអូដ (Ian McLeod) បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ទៀតថា លោកស្រី Meng ដែលជាអនុប្រធានក្រុមហ៊ុន Huawei និងកូនស្រីម្នាក់របស់ស្ថាបនិកក្រុមហ៊ុនយក្សចិនមួយនេះផងដែរនោះ កំពុង ប្រឈមមុខនឹងការធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក ខណៈសវនាការស៉ើបសួរត្រូវបានគេកំណត់ នៅថ្ងៃសុក្រសប្ដាហ៍នេះ។
ដោយឡែក ជុំវិញការចាប់ខ្លួននេះដែរ ក្រុមហ៊ុន Huawei បាននិយាយថា ការឃាត់ខ្លួនលោកស្រី Meng ធ្វើឡើងក្នុងនាមសហរដ្ឋអាមេរិក ដូច្នេះលោកស្រីអាចនឹងត្រូវបានធ្វើបត្យាប័ន ហើយអាចនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ នៅឯតុលាការមួយក្នុងទីក្រុងញូយ៉ក។ តែទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុន Huawei នៅតែអះអាងដដែលថា ខ្លួនមិនបានរំលោភបំពាន លើច្បាប់ដូចការចោទប្រកាន់នោះទេ។
គួរបញ្ជាក់ថា ការចាប់ខ្លួនលោកស្រី Wanzhou Meng ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០១ ខែធ្នូ បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកបានបើកការស៊ើបអង្កេត លើក្រុមហ៊ុន Huawei ថាតើមានជាប់ពាក់ព័ន្ធនឹងការលក់បរិក្ខា ឬបច្ចេកវិទ្យាឱ្យទៅអ៊ីរ៉ង់ដែរ ឬទេ៕