(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធនេះ បានព្រមានថាបើសិនជាសហរដ្ឋអាមេរិកចាប់ផ្ដើមអភិវឌ្ឍ ឬផលិតមីស៊ីលនុយក្លេអ៊ែររយៈចំងាយមធ្យមឡើងវិញ នោះទីក្រុងម៉ូស្គូក៏នឹងធ្វើដូចគ្នានេះដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។
លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចំងាយមធ្យម(INF) ក្នុងរយៈពេល៦០ថ្ងៃ បើរុស្ស៊ីមិនព្រមអនុវត្តតាមសន្ធិសញ្ញានេះទេនោះ។ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាសហរដ្ឋអាមេរិកចាប់ផ្ដើមអភិវឌ្ឍ ឬផលិតមីស៊ីលនុយក្លេអ៊ែររយៈចំងាយមធ្យមឡើងវិញ នោះទីក្រុងម៉ូស្គូក៏នឹង ធ្វើដូចគ្នានេះដែរ...ប៉ុន្តែអ្វីដែលខ្ញុំចង់ប្រាប់អ្នក នោះគឺថាការចោទប្រកាន់របស់សហរដ្ឋអាមេរិកថារុស្ស៊ីរំលោភបំពានលើសន្ធិសញ្ញា INF គ្រាន់តែជាលេសដើម្បីដកខ្លួនមួយប៉ុណ្ណោះ»។
គួររំលឹកថា កាលពីខែតុលាកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថានឹងដកទីក្រុងវ៉ាស៊ីនតោន ចេញពីសន្ធិសញ្ញា INF ដោយចោទថារុស្ស៊ីរំលោភបំពានលើសន្ធិសញ្ញានេះ បើទោះជាទីក្រុងម៉ូស្គូបដិសេធជាច្រើនលើក ក៏ដោយ៕