(ប៉េកាំង)៖ ចិនទើបតែបានបញ្ចប់ជាស្ថាពរនូវការសាងសង់កប៉ាល់សម្រាប់ដឹកឧស្ម័នធម្មជាតិ LNG នៅតំបន់ទឹកកកអាក់ទិចដំបូងបំផុតលើពិភពលោក ដែលមានសមត្ថភាពធ្វើប្រតិបត្តិការបាន នៅក្រោមសីតុណ្ហភាពរហូតដល់-៥០អង្សាសេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន China Daily នៅល្ងាចថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។
កប៉ាល់យក្សខាងលើជាប្រភេទ Arc7 មានសមត្ថភាពដឹកទំនិញបានទម្ងន់៤៤,៥០០តោន និងត្រូវដាក់ឈ្មោះឲ្យថា Boris Sokolov ហើយឆាប់ៗនេះវានឹងត្រូវប្រគល់ទៅឲ្យប្រទេសក្រិចដែលជាម្ចាស់កម្មសិទ្ធិរបស់កប៉ាល់នេះ។ ដោយសារវាជាកប៉ាល់ ដែលធ្វើប្រតិបត្តិការនៅតំបន់អាក់ទិច Boris Sokolov ត្រូវបានរចនាឡើងដើម្បីអាចបំបែកផ្ទាំងទឹកកកម្រាស់១.៨ម៉ែត្របានយ៉ាងងាយ។
គួរជម្រាបថា ពីមុនៗមក កប៉ាល់ប្រភេទស្រដៀងៗគ្នានេះ អាចត្រឹមតែធ្វើការដឹកជញ្ជូនឧស្ម័នធម្មជាតិ LNG ទៅកាន់តំបន់អាក់ទិច ក្នុងរដូវក្តៅប៉ុណ្ណោះ។ លក្ខណៈពិសេសរបស់កប៉ាល់ Boris Sokolov គឺវានឹងមានសមត្ថភាពធ្វើប្រតិបត្តិការដឹកជញ្ជូននៅរដូវរងាក្រោមលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំងបាន៕