(អ៊ីស្តង់ប៊ុល)៖ ប្រមុខរដ្ឋអាជ្ញានៃទីក្រុងអ៊ីស្តង់ប៊ុលនាថ្ងៃពុធនេះ បានសម្រេចចេញដីកាចាប់ខ្លួន ជនជាតិអារ៉ាប៊ីសាអូឌីតពីរនាក់ ជុំវិញករណីឃាតកម្មលើអ្នកកាសែត Jamal Khashoggi។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។
ជនសង្ស័យទាំងពីរនាក់នោះ គឺម្នាក់ជាអតីតអនុប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អារ៉ាប៊ីសាអូឌីត ឈ្មោះ អាមេដ អាស៊ីរី (Ahmed Asiri) និងម្នាក់ទៀតឈ្មោះ សាអ៊ូឌ អាល់កាតានី (Saud al-Qahtani) ដែលជាអតីតជំនួយការរបស់ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ មូហាំមេដ ប៊ីនសាល់ម៉ាន់។
គួរជម្រាបថា បើតាមប្រមុខរដ្ឋអាជ្ញាក្រុងអ៊ីស្តង់ប៊ុល លោក Khashoggi ត្រូវគេច្របាច់ឬរឹតករហូតដល់ដាច់ខ្យល់ស្លាប់ បន្ទាប់ពីរូបលោកបានឈានជើងចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតនៅអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី០២ ខែតុលា រីឯសាកសពលោកត្រូវគេកាត់ជាកង់ៗហើយបំផ្លាញចោលដើម្បីបំបាត់ភស្តុតាង។
ទន្ទឹមនឹងនេះរដ្ឋអាជ្ញាអារ៉ាប៊ីសាអូឌីតផ្ទាល់ ក៏បានទាមទារឲ្យមានការកាត់ទោសប្រហារជីវិតលើជនសង្ស័យចំនួន០៥នាក់ ក្នុងចំណោមជនសង្ស័យចំនួន២១នាក់ ដែលត្រូវបានឃាត់ខ្លួននៅអារ៉ាប៊ីសាអូឌីត ជុំវិញការសម្លាប់លោក Khashoggi ផងដែរ៕