(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន នាថ្ងៃពុធនេះបានចេញមុខ សម្តែងគោលជំហរប្រឆាំងដាច់ខាតចំពោះគំនិតចង់ប្រែក្លាយសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ INF រវាងអាមេរិកនិងរុស្ស៉ី ឲ្យទៅជាសន្ធិសញ្ញាពហុភាគី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាចថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។
ការចេញមុខជំទាស់របស់មហាយក្សចិន បានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីខែតុលាថា ចិនគួរតែស្ថិតក្នុងផ្នែកនៃសន្ធិសញ្ញា INF។ ក្រោយមកទៀត ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំអាមេរិក ថែមទាំងបានលើកឡើងថា មិនត្រឹមតែទីក្រុងប៉េកាំងទេ សូម្បីតែអង្គការ NATO ជាពិសេសគឺបារាំងនិងអង់គ្លេសក៏គួរតែត្រូវចាត់ចូលក្នុងសន្ធិសញ្ញានេះផងដែរ។
គួរជម្រាបថា លោក ត្រាំ បានប្រកាសចង់ដកប្រទេសរបស់លោកចេញពី INF ដោយយោងលើការចោទប្រកាន់ថារុស្ស៉ី បានរំលោភលើសន្ធិសញ្ញានេះ ខណៈដែលទីក្រុងម៉ូស្គូបានធ្វើការប្រកែកម្តងហើយម្តងទៀតថា ការចោទប្រកាន់នេះពុំមានភស្តុតាងជាមូលដ្ឋានជាក់ស្តែងណាមួយឡើយ ហើយខ្លួនព្រួយបារម្ភអំពីអនុលោមភាពរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសន្ធិសញ្ញានេះទៅវិញទេ៕
សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ ដែលជាជំហានដ៏សំខាន់មួយ ឈានទៅរកការកាត់បន្ថយការប្រឈមមុខដាក់គ្នា រវាងមហាអំណាចធំៗទាំងពីរ កាលពីសម័យសង្គ្រាមត្រជាក់។ សន្ធិសញ្ញាបានហាមឃាត់ចំពោះ ការដាក់ពង្រាយប្រភេទមីស៊ីលផ្លោង ដែលអាចបាញ់ចេញពីផ្ទៃដីក្នុងរយៈចំងាយចន្លោះ៥០០ដល់៥,៥០០គីឡូម៉ែត្រ៕