(សេអ៊ូល)៖ កូរ៉េខាងត្បូងនាថ្ងៃពុធនេះ កំពុងទទួលរងឥទ្ធិពលធាតុអាកាសត្រជាក់ខ្លាំងលើកដំបូងនៃរដូវរងាឆ្នាំនេះ ដោយសីតុណ្ហភាពតាមតំបន់ជាច្រើននៅទូទាំងប្រទេសអាស៊ីខាងកើតនេះ បានធ្លាក់ចុះក្រោមសូន្យអង្សាសេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។
ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងបានឲ្យដឹងថា សីតុណ្ហភាពនាថ្ងៃពុធនេះបានធ្លាក់ចុះពី ១០-១៥អង្សាសេបន្ថែមទៀត នៅទូទាំងផ្ទៃប្រទេសបើធៀបទៅនឹងម្សិលមិញ។ នាវេលាព្រឹកមិញនេះ រដ្ឋធានីសេអ៊ូលបានធ្លាក់សីតុណ្ហភាពដល់ -៤.៣អង្សាសេ ខណៈនៅតំបន់ ជឺវ៉ុន (Cheorwon) ដែលចំណុចកណ្តាលនៃព្រំដែនអន្តរកូរ៉េក្នុងខេត្ត កាងវ៉ុន (Gangwon) ធ្លាក់នៅត្រឹម -៧.៥អង្សាសេ និងទីក្រុង ដែជឿន (Daejeon) នៃខេត្ត ជុងឆឹង (Chungcheong) ចុះនៅ -២.៧អង្សាសេ។
គួរជម្រាបថា ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បានចេញសេចក្តីព្រមានពីអាកាសធាតុចុះត្រជាក់ខ្លាំង នៅតាមតំបន់ជាច្រើនទូទាំងប្រទេសកាលពីព្រឹកថ្ងៃពុធនេះ ហើយនាយប់ថ្ងៃព្រហស្បតិ៍ស្អែកក៏ត្រូវគេរំពឹងថា នឹងមានការចេញសារបែបនេះដូចគ្នាផងដែរ៕