(ខាឡេដូនៀ)៖ អាជ្ញាធរញូខាឡេដូនៀ (New Caledonia) នៅថ្ងៃពុធ បានបញ្ជាឱ្យមានការជម្លៀសប្រជាជននៅតំបន់ឆ្នេរជាច្រើន ទៅកាន់កន្លែងមានសុវត្ថិភាព បន្ទាប់ពីការចេញសេចក្ដីព្រមានពីរលកយក្សស៊ូណាមិ ក្រោយគ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ វាយប្រហារលើតំបន់ឆ្នេរភាគខាងកើត នៃដែនដីបារាំងនៅឯនាយសមុទ្រមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។
គ្រោះធម្មជាតិរញ្ជួយផែនដី ដែលមានកម្រតិធ្ងន់ធ្ងរ ៧.៥រ៉ិចទ័រ បានវាយប្រហារប្រជុំកោះញូខាឡេដូនៀ (New Caledonia) នៃភាគនិរតីមហាសមុទ្រប៉ាស៊ីហ្វិកនៅព្រឹកថ្ងៃពុធនេះ ហើយក៏មានការចេញសេចក្តីព្រមានភ្លាមៗ ចំពោះរលកយក្សស៊ូណាមិ ដែលអាចកើតមានផងដែរ។
គ្រោះរញ្ជួយដីខាងលើនេះ បានកើតចេញពីក្នុងជម្រៅ ១០គីឡូម៉ែត្រពីក្រោមបាតសមុទ្រ រីឯទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានកំណត់ថាវាមានទំហំ ៧.៥រ៉ិចទ័រ ខណៈតំបន់នៅជុំវិញចំណុចរំញ័រប្រមាណ ១,០០០គីឡូម៉ែត្រ ត្រូវបានដាក់ស្ថិតនៅក្នុងទីកន្លែងព្រមានចំពោះមុខរលកយក្សស៊ូណាមិ ដែលអាចកើតមាន។
គួរបញ្ជាក់ថា ពុំទាន់មានសេចក្តីរាយការណ៍អះអាងថា អាចមានមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញនោះនៅលើប្រជុំកោះ New Caledonia នោះឡើយ៕