(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃពុធនេះបានទាត់ចោលសេចក្ដីរាយការណ៍មួយដែលថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងបំពេញដំណើរទស្សនកិច្ចកាន់ទីក្រុងសេអ៊ូលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូនេះ ដែលវាហាក់កំពុងបង្ហាញភាពមិនទាន់ច្បាស់លាស់នៅឡើយ អំពីកាលបរិច្ឆេទដែលលោក គីម ជុងអ៊ុន ត្រូវមកបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល ជាប្រវត្តិសាសន៍នោះ។ នេះបើតាម ជូនណាន អ៊ីលបូ (Chunan Ilbo) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។
សារព័ត៌មានកូរ៉េខាងត្បូង Chunan Ilbo ផ្អែកលើការបញ្ជាក់ពីអ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន យាំងចាន់ (Yoon Young-chan) បានឱ្យដឹងយ៉ាងដូច្នេះថា «សេចក្ដីរាយការណ៍ព័ត៌មានដែលថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងមកបំពេញទស្សនកិច្ចក្នុងទីក្រុងសេអ៊ូល ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូនេះគឺជារឿងមិនពិត... ហើយដូចលោកប្រធានាធិបតី មូន ជែអ៊ីន បានបញ្ជាក់ យើងកំពុងបើកចំហទ្វារជានិច្ច ដើម្បីទទួលដំណើរទស្សនកិច្ចរហូតដល់ចុងឆ្នាំ២០១៨ ឬក៏នៅដើមឆ្នាំ២០១៩ គឺអាស្រ័យលើការសម្រេចចិត្តរបស់កូរ៉េខាងជើង»។
គួររំលឹកថា នៅអំឡុងជួបប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ក្នុងទីក្រុងព្យុងយ៉ាងកាលពីខែកញ្ញាកន្លងទៅ លោក គីម ជុងអ៊ុន បានប្រកាសថា លោកនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ក្នុងពេលអនាគតដ៏ខ្លី ខណៈលោក មូន រំពឹងថាដំណើរទស្សនកិច្ចនេះ អាចនឹងកើតមាននៅមុនដំណាច់ឆ្នាំ២០១៨ នេះ។ ម្យ៉ាងវិញទៀត បើសិនជាដំណើរទស្សនកិច្ចនេះកើតឡើងមែននោះ លោក គីម នឹងក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេបំផុត ដែលយកជើងជាន់ដីរដ្ឋធានីសេអ៊ូល ចាប់តាំងពីកូរ៉េទាំងពីរត្រូវបែងចែកជាពីរ កាលពីឆ្នាំ១៩៤៥មក៕