(អង់ការ៉ា)៖ មានកុមារសរុបចំនួន ៧៤៣នាក់ កំពុងជាប់ក្នុងពន្ធនាគារជាមួយម្តាយរបស់គេ នៅក្នុងប្រទេសតួកគីបើគិតមកត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា។ នេះបើតាមការដកស្រង់របាយការណ៍មួយចុះដោយ សមាគមសិទ្ធិមនុស្សតួកគី (IHD) នៅព្រឹកថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។
មេធាវីមួយរូបលោក Ercan Yilmaz ដែលជាមន្ត្រីមកពី IHD នៅឯទីក្រុង Diyarbakir បាននិយាយថា កុមារនានាដែលកំពុងជាប់នៅក្នុងពន្ធនាគារជាមួយម្តាយរបស់ខ្លួនទាំងនោះ ដោយសារតែបទល្មើសដែលខ្លួនពុំទាំងបានប្រព្រឹត្តផងកំពុងតែរងការរំលោភបំពានលើសិទ្ធិយ៉ាងខ្លាំងក្លា។
ម្តាយរបស់គេត្រូវបានចាប់ខ្លួនក្រោមប្រតិបត្តិការបង្ក្រាបទៅលើអ្នកគាំទ្រចលនា Gulen បន្ទាប់ពីរដ្ឋប្រហារបរាជ័យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦មក។ ភាគច្រើននៃអ្នកកំពុងជាប់ការឃុំឃាំង កំពុងតែរងចាំការកាត់ក្តីមិនមែនដោយសាររកឃើញថា បានប្រព្រឹត្តបទល្មើសពិតមែនឬយ៉ាងណា។
រដ្ឋាភិបាលតួកគីបានធ្វើការចោទប្រកាន់ចលនា Gulen ថាជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចកន្លងទៅនោះ ដែលបានឆក់យកជីវិតមនុស្សចំនួន២៤៩រូប ទោះបីចលនាទាំងមូលបានប្រកែកម្តងហើយម្តងទៀតថាខ្លួនពុំមានលូកដៃអ្វីទាំងអស់ក៏ដោយ។
លោក Yilmaz បានលើកឡើងថា កុមារដែលកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ មានអាយុចាប់ពីមិនទាន់ដល់មួយខួបទៅ៦ឆ្នាំហើយក៏មានដំណឹងចេញពីពន្ធនាគារថា ពុំមានអាហារដែលមានគុណភាពសមគួរសម្រាប់កុមារទាំងនោះឡើយ។
លោកក៏បានបន្តទៀតថា ជាក់ស្ដែងកុមារដែលជាប់ការឃុំឃាំងឃុំ អាចទទួលបានអាហារូបត្ថម្ភកម្រិតមូលដ្ឋានដូចជាទឹកដោះ តែផ្ទុយទៅវិញពួកគេត្រូវបានបង្ខំឲ្យទទួលទានអាហារ ដូចមនុស្សធំទៅវិញ។ លោក Yilmaz បានបន្ថែមទៀតថា «បើក្នុងបន្ទប់ពន្ធនាគារមួយមានមនុស្ស ២៥នាក់ អាហារដែលត្រូវផ្តល់គឺសម្រាប់មនុស្សធំ ២៥នាក់ប៉ុណ្ណោះ ហើយគេពុំខ្វល់ពីកុមារឡើយ។ ដូច្នេះហើយម្តាយពួកគេត្រូវតែចែករំលែកអាហារខ្លួន ជាមួយកូនៗទាំងនោះ»។
មានស្ត្រីប្រមាណ ១០.០០០នាក់ ដែលរួមមានទាំងស្ត្រីមានផ្ទៃពោះ ស្ត្រីដែលទើបសម្រាលកូនរួច និងស្ត្រីដែលមានកូនតូចៗផង ត្រូវបានជាប់ឃុំឃាំងនៅពន្ធនាគារ ដោយសារតែទំនាក់ទំនងរបស់ពួកគេជាមួយចលនា Gulen។ មេធាវីដដែលក៏បានបន្ថែមថា កុមារដែលជាប់ការឃុំឃាំងពុំមានកន្លែងសម្រាប់លេងកម្សាន្ត ហើយក៏ត្រូវទទួលរងទង្វើផ្សេងៗដូច ដែលគេធ្វើទៅលើម្តាយរបស់ខ្លួនដែរ។
បើយោងតាមច្បាប់ព្រហ្មទណ្ឌ មាត្រា ៥,២៧៥ របស់តួកគីដែលបានចែងថា «ការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារត្រូវលើក ឬពន្យារពេលទៅលើស្ត្រីដែលមានផ្ទៃពោះ ឬស្ត្រីដែលទើបតែសម្រាលក្នុងអំឡុងពេល ០៦ខែ»។ អ្នកជំនាញបាននិយាយថា ដោយយោងទៅតាមមាត្រានេះ ការចាប់ខ្លួនស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលមានកូនតូចក្រោម ០៦ខែជារឿងដែលមិនគួរអាចប្រព្រឹត្តទៅបាននោះទេ។
តុលាការអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស (EctHR) ក៏ផ្ដល់ការការពារទៅលើកុមារទាំងសម្រាលឬមិនទាន់សម្រាលហើយក្តី។ ផ្ទុយទៅវិញ មានករណីជាច្រើននៅក្នុងប្រទេសតួកគី ដែលម្តាយត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយពេលសម្រាលកូននៅក្នុងមន្ទីរពេទ្យទាំងមុនពេលស្រ្តីទាំងនោះអាចមានស្ថានភាពប្រសើរឡើងវិញក៏ដោយ។ មានម្តាយជាច្រើនរូបត្រូវបានចាប់ខ្លួនឃុំឃាំងក្នុងពេល ដែលគេទៅសួរសុខទុក្ខស្វាមីរបស់ខ្លួន ដែលកំពុងជាប់ពន្ធនាគារថែមទៀតផង៕