(វ៉ាស៊ីនតោន)៖ ជនជាតិចិនម្នាក់ឈ្មោះ ចាវ គានលី (Zhao Qianli) អាយុ ២០ឆ្នាំ ត្រូវបានក្រុមរដ្ឋអាជ្ញាអាមេរិកចោទប្រកាន់ជាផ្លូវការហើយ ពីបទលួចថតរូបភាពមូលដ្ឋានយោធាអាមេរិកដោយខុសច្បាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។
ការជំនុំជម្រះក្តីរបស់លោក Zhao បានចាប់ផ្តើមនាដើមសប្តាហ៍នេះ បន្ទាប់ពីរូបលោកត្រូវបានចាប់ខ្លួន កាលពីចុងខែកញ្ញា។ លោក Zhao បានប្រាប់អាជ្ញាធរអាមេរិកថា លោកជាអ្នកលាងចានម្នាក់មកពីរដ្ឋ ញូជែស៊ី (New Jersey) និងបានវង្វេងផ្លូវនៅពេលដែលអាជ្ញាធរប្រទះឃើញរូបលោកដើរក្បែរមូលដ្ឋានយោធាអាមេរិក ហើយថតរូបភាព។
បើតាមទីភ្នាក់ងារ FBI អាមេរិក នៅពេលចាប់ខ្លួន លោក Zhao គឺស្ថិតនៅអាមេរិកដោយខុសច្បាប់ ដោយទិដ្ឋាការរបស់លោកបានផុតសុពលភាពកាលពីមុនសប្តាហ៍មុន។ បច្ចុប្បន្នជនជាតិចិនរូបនេះ កំពុងប្រឈមនឹងការចោទប្រកាន់ពីបទថតរូបភាពមួយករណី និងពីបទទន្ទ្រានចូលតំបន់ហាមឃាត់មួយករណី។ ក្នុងករណីអាក្រក់បំផុត លោក Zhao អាចជាប់ពន្ធនាគារ ១៨ខែ ប្រសិនជាត្រូវតុលាការផ្តន្ទាទោស ជុំវិញបទចោទប្រកាន់ទាំងពីរករណី។
គួរជម្រាបថា កាលពីឆ្នាំ២០១៤ ស្រ្តីជនជាតិអាមេរិកម្នាក់ទាមទារបានប្រាក់សងជំងឺចិត្ត១.១២លានដុល្លារ បន្ទាប់ពីត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយសារការថតរូបភាពនៅឯមូលដ្ឋានទ័ពអាកាស របស់កងកម្លាំងឆ្មាំការពារជាតិអាមេរិក។ បើតាមសេចក្តីរាយការណ៍ព័ត៌មានស្រ្តីរូបនោះ បានថតរូបភាពឧទ្ធម្ភាគចក្រមានការតុបតែងមួយគ្រឿង ដែលគេដាក់តាំងបង្ហាញសម្រាប់វែបសាយគាំទ្រកងទ័ពដែលគេហៅថា «Support Our Troop» នៅពេលទៅទស្សនកិច្ចនៅបន្ទាយយោធាមួយកន្លែងនៅលើកោះ ឡងអាយឡេន (Long Island) ក្បែរទីក្រុងញូយ៉ក៕