(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិកជាច្រើននាក់បាននិយាយថា ពួកគេកាន់តែប្រាកដប្រជាជាងមុនថា ព្រះអង្គមា្ចស់រាជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិនសាល់ម៉ាន់ គឺជាអ្នកបញ្ជាឱ្យគេសម្លាប់អ្នកកាសែត Washington Post លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចំាទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីខែតុលាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨។
សមាជិកព្រឹទ្ធសភាអាមេរិក ក្នុងនោះរួមមានទាំងលោក លីនសេយ ហ្គ្រាហាំ (Lindsey Graham) ធ្វើការកត់សម្គាល់ខាងលើ ដោយសំអាងលើការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA ហើយមិនតែប៉ុណ្ណោះលោកថែមទាំងបានហៅព្រះម្ចាស់ ប៊ិនសាល់ម៉ាន់ ថា «មនុស្សឆ្កួត និងគ្រោះថ្នាក់» ទៀតផង។
តែទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) រដ្ឋមន្ត្រីការបរទេសលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) និងទីប្រឹក្សាសន្តិសុខជាតិលោក ចន បូលតុន (John Bolton) រួមទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែអះអាងថា ព្រះម្ចាស់រាជទាយាទមិនមានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះឡើយ។
គួបញ្ជាក់ថា អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានចោទប្រកាន់មនុស្ស ១១នាក់ ដែលជាប់ទាក់ទិននឹងករណីឃាតកម្មលើលោក Jamal Khashoggi ហើយក៏បានស្នើឱ្យមានការកាត់ទោសប្រហារជីវិត ក្នុងចំណោមអ្នកទាំងនោះផងដែរ តែអារ៉ាប៊ីសាអូឌីតនៅតែបដិសេធដដែលថា ព្រះអង្គម្ចាស់រាជទាយាទ ប៊ិនសាល់ម៉ាន់ មិនមានជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក Khashoggi ឡើយ៕