(ម៉ូស្គូ)៖ យោធានៃប្រទេសរុស្ស៉ី នាថ្ងៃអង្គារនេះ បានប្រកាសពីភាពជោគជ័យការធ្វើបាញ់សាកល្បងមីស៊ីលប្រដេញចម្ងាយឆ្ងាយប្រភេទ 3M-54 Kalibr (អង្គការ NATO ហៅថា SS-N-27 Sizzler) ដែលបាញ់ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅឯសមុទ្រ Barent ភាគខាងត្បូងមហាសមុទ្រទឹកកកអាក់ទិច។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅយប់ថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។
បើតាមយោធារុស្ស៉ី ការធ្វើតេស្តមីស៊ីលនេះ ដែលត្រូវបានធ្វើឡើងក្នុងផ្នែកនៃការធ្វើសមយុទ្ធយោធារបស់រុស្ស៉ី បានបាញ់ចំគោលដៅដូចការរំពឹងទុក ដែលស្ថិតនៅចម្ងាយប្រហែលពី៧០០គីឡូម៉ែត្រពីគ្នា។ Kalibr គឺជាប្រភេទមីស៊ីលប្រដេញចម្ងាយឆ្ងាយប្រឆាំងនាវា ដែលបំពាក់នៅលើនាវាចម្បាំងនិងក្នុងនាវាមុជទឹក។
គួរជម្រាបថា ប្រភេទមីស៊ីលនេះ មានសមត្ថភាពវាយលុកដល់គោលដៅ ស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ ដោយអាស្រ័យលើការកែច្នៃបន្ថែមផ្សេងៗពីគ្នា និងអាចបំពាក់ក្បាលគ្រាប់បានដល់ទម្ងន់៤៥០គីឡូក្រាម។ ស៊េរីមួយចំនួននៃមីស៊ីល Kalibr ក៏អាចឈានដល់ល្បឿនលឿនជាងសំឡេងថែមទៀតផង ដើម្បីអាចទម្លុះឆ្លងកាត់ការទប់ទល់ពីប្រព័ន្ធការពារមីស៊ីលនៃនាវារបស់សត្រូវ៕