(បាងកក)៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក អាប់ភីស៊ីត វេចាជីវ៉ា នាថ្ងៃអង្គារនេះ បានទទូចឲ្យមេដឹកនាំរដ្ឋាភិបាលយោធាថៃបច្ចុប្បន្នគឺលោក ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង នៅមុនការចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាពេលឆាប់ៗខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។
លោក អាប់ភីស៊ីត ដែលកំពុងដឹកនាំគណបក្សប្រជាធិបតេយ្យថៃ បានផ្តល់ការណែនាំឲ្យលោក ប្រាយុទ្ធ គួរតែធ្វើជាគំរូនៃការដឹកនាំល្អនៅលើឆាកនយោបាយ តាមរយៈការលាលែងពីតំណែងនាយករដ្ឋមន្រ្តី ដោយហេតុថា រូបលោកកំពុងត្រូវគណបក្សទើបបង្កើតថ្មីដោយសមាសភាពមន្រ្តីក្នុងជួររដ្ឋាភិបាលលោកឈ្មោះថា Palang Pracharath ពិចារណាជ្រើសរើសធ្វើជាបេក្ខភាពនាំមុខសម្រាប់តំណែងនាយករដ្ឋមន្រ្តី នៅក្នុងការបោះឆ្នោតសាកល ដែលត្រូវបានគ្រោងថានឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
សម្រាប់លោក ប្រាយុទ្ធ ផ្ទាល់វិញ នាពេលកន្លងមកនេះ ពុំបានបញ្ជាក់ថា តើរូបលោកនឹងលាលែងឬមិនលាលែងចេញពីតំណែងនាយករដ្ឋមន្រ្តីឡើយ នៅមុនការបើកយុទ្ធនាការឃោសនាបោះឆ្នោត ដែលគេរំពឹងថានឹងចាប់ផ្តើមឡើងនៅក្នុងខែធ្នូនេះ៕